អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជា តាមយន្តហោះពិសេស នៅព្រឹក ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២២ នេះ ដើម្បីបំពេញទស្សនកិច្ច ចាប់ពីថ្ងៃទី ២០-២៥ ខែ មិថុនា ឆ្នាំ ២០២២ ដោយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សា RABITA​​ ឯកឧត្តម​ សាអូដ អាល់ ស៊ូវេលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា​ និងមន្ត្រី​ជាន់ខ្ពស់​ RABITA នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងរយៈពេល ៧ថ្ងៃ នៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា អគ្គលេខាធិការអង្គការ RABITA និងជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រទេសអារ៉ាប៊ីសាអូឌីត បច្ចុប្បន្នជាទីប្រឹក្សាព្រះបរមរាជវាំងអារ៉ាប៊ីសាអូឌីត មានឋានៈស្មើរដ្ឋមន្រ្តី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម​ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះដែរ ឯកឧត្តមអគ្គលេខាធិការ នឹងចូលជួបសម្តែងការគួរសមចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្ត្រី រដមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ។

ជាមួយគ្នានោះដែរ ឯកឧត្តមអគ្គលេខាធិការ នឹងចូលជួបសម្តែងការគួរសមចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ, សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។

ឯកឧត្តមអគ្គលេខាធិការ ក៏នឹងមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង លោកឧកញ៉ា សុះ កំរុី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា ផងដែរ។

ក្រៅពីនេះ ឯកឧត្តមអគ្គលេខាធិការ និង គណៈប្រតិភូ នឹងអញ្ជើញធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ សារមន្ទីរជាតិ តំបន់សហគមន៍ខ្មែរឥស្លាម ព្រមទាំងមានកម្មវិធីផ្សេងៗជាច្រើន។

សូមជំរាបជូនដែរថា អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ ( UN ) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម( OIC ) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន ៩៥ ប្រទេស៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online