អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌសែនសុខចំនួន​ ០៣ខ្នង និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ​អស់ មួយខ្នង​ និងបានរាលដាលដល់ផ្ទះចំនួន​ ២ខ្នងទៀតបណ្តាលឲ្យរងការខូចខាតនោះ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩​ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​​ រាជធានីភ្នំពេញ នៅវេលាម៉ោង​ ២០និង៥០នាទី ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ​២០២២នេះ​ ត្រូវបានរលត់ទៅវិញហើយ​ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ​ចំនួន​ ៣៦គ្រឿង។

ដោយនៅក្នុងប្រតិបត្តិការនេះ​ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ ស៊ុម​ សុឃីម​ ស្នងការរង​ ទទួលផែនការងារអគ្គិភ័យ​ និងគ្រឿងផ្ទុះ​ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ ដឹកនាំមន្ត្រីជំនាញពន្លត់អគ្គិភ័យចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះអគ្គិភ័យ។ ក្រោយពី​ ទទួលបាននូវបទបញ្ជានេះរួចមក​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានដឹកនាំលោកនាយរងការិយាល័យ,​ លោកនាយផ្នែក​,​ លោកនាយរងផ្នែក​ និងមន្ត្រីជំនាញទាំងអស់​ ចុះប្រតិបត្តិការភ្លាមៗ​ ដោយក្នុងនោះ​ បានបញ្ជាគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ​ ចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះភ្លាមៗផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន​ ៣៦គ្រឿង​ ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំនួន​ ២១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៦៣ឡាន, នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ​ ក្រសួងមហាផ្ទៃ​ ចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣ឡាន,​ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន​ OCIC ទីក្រុងជ្រោយចង្វារ​ ចំនួន​ ៩គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២៧ឡាន,​ រថយន្តក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣ឡាន​ និងរថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនេីប​ អូឡាំព្យា​ ចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៦ឡាន​។ ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះ​ កម្លាំងសមត្ថកិច្ចរបស់យេីងបានធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង​ ២៣និង៥០នាទី​ នាថ្ងៃខែឆ្នាំដដែរ។

យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលេីនេះ​ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡេីង។ ចំណែកឯ​ មូលហេតុដែលនាំឲ្យមានករណីអគ្គិភ័យនេះ​ កម្លាំងសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online