អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ខ្នងទាំងស្រុង

អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន​ ៥ខ្នងទាំងស្រុង​ បានកើតឡើងនៅវេលាម៉ោង​៧និង៤៥នាទីព្រឹក​ ថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ ភូមិ៤​ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង​ ៩និង១៥នាទីព្រឹក ដោយប្រេីប្រាស់ទឹកអស់​ ១៤ឡាន។

លោកវរសេនីយ៍ទោ​ គង់​ ថូ នាយរងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ទីតាំងផ្ទះដែលអគ្គិភ័យឆាបឆេះ មានម្ចាស់ឈ្មោះ យូ​ ដារ៉ា អាយុ៣៦ឆ្នាំ។ ប្រភេទសំណង់ផ្ទះេឈេីប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ គុណ០៣ម៉ែត្រ។

លោកវរសេនីយ៍ទោ​ គង់​ ថូ​ បានបន្ដទៀតថា ចំពោះករណីអគ្គិភ័យខាងលេីនេះ​ គឺបណ្តាលឲ្យឆាបឆេះសំណង់មិនរៀបរយអស់ចំនួន​ ០៥ខ្នងផ្ទះ​ រួមទាំងសម្ភារៈប្រេីប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។

ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ទោ​ គង់​ ថូ បញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ចំនួន២ឡាន, រថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ចំនួន១ឡាន, រថយន្តផ្សារទំនេីប​ អូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ចំនួន២ឡាន និងរថយន្តក្រុមហ៊ុន​ កោះនរា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន។

លោកវរសេនីយ៍ទោ​ គង់​ ថូ​ ក៏បានបញ្ជាក់ថា​ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ​ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ៕