អគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកក្រដាសឡាំងអេតចាយមួយកន្លែង បានបំផ្លាញសម្ភារៈអស់មួយចំនួន

អគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកក្រដាសឡាំងអេតចាយ មួយកន្លែង ដែលបានបំផ្លាញសម្ភារៈអស់មួយចំនួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចឃ្លាំងអេតចាយ តាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ប្រាប់ដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកក្រដាសឡាំងអេតចាយ មួយកន្លែង ភ្លាមៗនោះ លោកក៏បានបញ្ជាទៅកម្លាំងសមត្ថកិច្ចជំនាញគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ផងដែរ។

ដោយនៅក្នុងរង្វង់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះនេះ គឺកម្លាំងជំនាញរបស់យើង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ៥៧ឡាន ស្មើរនឹង ២២៨ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រ, រថយន្តក្រុមហ៊ុន ស្រាបៀលកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១៨ម៉ែត្រ និងរថយន្ត សួនឧស្សាហ៍កម្មកាណាឌីយ៉ា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ក្នុងប្រតិបត្តិការបាញ់ឲ្យរលត់ទាំងស្រុង។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ ថ្មប្រក់ស័ង្កសី ដែលមានទំហំ ២០ម៉ែត្រ x ៥០ម៉ែត្រ និងបណ្តាលឆេះខូចខាតសម្ភារៈក្រដាសប្រហែល ៣០% និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការនេះ គឺសមត្ថកិច្ចជំនាញរបស់យើង បានធ្វើការគ្រងគ្រងបាននៅវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃដដែរ។ សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើង។ ចំពោះមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើង ដោយសារតែការ ឆ្លងចរន្តអគ្គិសនី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online