អគ្គិភ័យឆេះរោងចក្រនៅកំពង់ស្ពឺ និងតាកែវ សង្ស័យអស់រាប់សែនដុល្លារ
ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់កម្មករម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះធុងហ្គាសក្នុងឃ្លាំងរោងចក្រផលិតកាបូបមួយកន្លែង នៅក្រុងច្បារមន ។ ភ្លាមៗ គេមិនទាន់ដឹងពីទំហំនៃការខូចខាតនេះនៅឡើយទេ តែតាមការប៉ាន់ស្មានជំហានដំបូង គឺអស់រាប់សែនដុល្លារ ។

ករណីនេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី ៦ ខែកុម្ភៈ វេលាម៉ោងប្រមាណ៥និង១៥នាទីល្ងាច នៅរោងចក្រស៊ុយយ៉ាត ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ។ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជា ការកងរាជអវុធហត្ថក្រុងច្បារមន បានឲ្យដឹងថា ករណីខាងលេីបណ្ដាលឲ្យខូចខាតអគារមួយខ្នងទំហំ៤០ម៉ែត្រគុណ៦០ម៉ែត្រ ធ្វើពីដែក ជញ្ជាំងស័ង្កសីប្រក់ស័ង្កសី ជាកន្លែងស្តុកស្នោនិងអេ៉ប៉ុងសម្រាប់ផលិតកាបូប និងម៉ូតូចំនួន២គ្រឿង ។

ជាមួយនេះ ក៏បណ្តាលឲ្យរងរបួសធ្ងន់កម្មករម្នាក់ឈ្មោះ អ៊ុន ប្រឹល អាយុ២៧ឆ្នាំ រស់នៅភូមិកាហ៊ុន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ។លោកមេបញ្ជាការបន្តថា នៅរោងចក្រដេរកាបូបស៊ុយយ៉ាត(ខេមបូឌា) ខូអិលធីឌី មានកម្មករសរុប១.០៩០នាក់(ស្រី៨៣៦នាក់) ហើយនៅពេលកើតហេតុ កម្មករដទៃទៀតបានចេញពីធ្វើការអស់ នៅ
សល់តែកម្មករបម្រើការងារក្នុងឃ្លាំងដែលឆេះចំនួន៨នាក់ ធ្វើការងារបន្ថែមម៉ោងប៉ុណ្ណោះ។

លោក ធី ឆៃ បញ្ជាក់ថា ចំពោមូលហេតុបណ្តាលឱ្យឆេះឃ្លាំងរោងចក្រនេះ គឺដោយសារផ្ទុះធុងហ្គាសនៅឃ្លាំងស្តុងអេប៉ុងសម្រាប់ធ្វើកាបូប ។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ថ្លែងថា អគ្គិភ័យខាងលើបានរលត់ទៅវិញនៅម៉ោងជិត៧ល្ងាចថ្ងៃដដែលក្រោយពីមានការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ពីក្រុមពន្លត់អគ្គិភ័យ។

លោកស្នងការបញ្ជាក់ថា ករណីអគ្គិភ័យនេះបានប្រីប្រាស់កម្លាំងសរុប៤៦នាក់ ក្នុងនោះកម្លាំងពន្លត់អគ្គិភ័យស្នងការដ្ឋានខេត្ត១៦នាក់ កម្លាំងនគរបាលស្រុកសំរោងទង៥នាក់ និងកម្លាំងនគរបាលក្រុងច្បារមន២៥នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះរបស់ស្នងការដ្ឋាន៣គ្រឿង និងរបស់អធិការដ្ឋានស្រុកសំរោងទង១គ្រឿង ដោយប្រេីប្រាស់ទឹកសរុបចំនួន១៥រថយន្ត ។នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវបូកសរុបទំហំនៃការខូចខាត ។

ឆេះគ្រឿងក្នុងអស់មួយចំនួនធំនៅក្នុងរោងចក្រផលិតស្បែកជើង
ខេត្តតាកែវ ៖ រោងចក្រផលិតស្បែកជើងយីហោ«ប៊ីយូធីហ្វូល» ស្ថិតនៅក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ បានត្រូវអគ្គិភ័យឆាបឆេះអស់សម្ភារមួយចំនួនធំដោយសារឆ្លងចរន្តអគ្គិសនី ប៉ុន្តែត្រូវបានសន្តិសុខនិងនគរបាលពន្លត់អគ្គិភ័យស្រុកយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា ។
ហេតុការណ៍អគ្គិភ័យនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ។ បើតាមនគរបាលឃំុលាយបូរ ឲ្យដឹងថា ចំពោះការខូចខាតដោយអគ្គិភ័យនេះមានស្បែកជើងប្រហែល១មុឺនគូកុំព្យូទ័រ១គ្រឿង ខ្សែផលិតកម្ម១ខ្សែ ម៉ាសុីនស្គែនមេដៃ៣គ្រឿង និងក្តារខៀនចំនួន៣ ។
ប្រភពដដែលឲ្យដឹងទៀតថា ក្រោយពេលទទួលបានព័ត័មាននេះ កម្លាំងនគរបាលស្រុកបានទៅអន្តរាគមន៍ ដោយសហការជាមួយនគរបាលប៉ុស្តិ៍លាយបូរ និងក្រុមកសន្តិសុខរោងចក្រប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន២៨បំពង់ទើបភ្លើងរលត់ទាំងស្រុង ។ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាខាងរោងចក្រ សហគ្រាស ទាំងធំទាំងតូច ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការដុតធូបនិងតបណ្តាញអគ្គិសនី ហើយគួរតែពិនិត្យឲ្យបានច្បាស់លាស់នៅពេលចាកចេញពីផ្ទះឬកន្លែងធ្វើការងាររបស់ខ្លួន ដើម្បីជៀសវាងរងគ្រោះជាយថាហេតុ ៕




អត្ថបទ៖ https://kohsantepheapdaily.com.kh/