អត់មានចិត្ត​ខន្តី​នៅក្នុង​​​ថ្ងៃ​មង្គល​ការ​គេ​​ទេ​ឬ​?

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១ ​និង៣០​នាទី​យប់​ថ្ងៃ​ទី​១២ ​​មីនា ​មាន​ករណី​ហឹ​ង្សា​មួយ​បាន​កើតឡើង​ក្នុង​រោងការមុខ​ផ្ទះ​មួយកន្លែង ​ស្ថិត​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល ខេត្តកណ្ដាល រវាង​កម្មករ​រត់​តុជាមួយ​​អ្នក​ចាក់​មេក្រូ​ក្នុងពិធី​មង្គលការនេះ​ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ភាគី​ជន​រង​គ្រោះមាន​ឈ្មោះ​ធឿ​ន សៀង​ហៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរ​ជា​កម្មកររត់​តុ​ការ រស់នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្កណ្ដាល របួសធ្ងន់​ត្រង់​សៀតផ្កា​ខាងស្ដាំ​១​កន្លែង ។ ចំណែក​ជនសង្ស័យ​ម្នាក់ ឈ្មោះ រិ​ន រ៉ា​ណូ ហៅជ្រុ​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ ចាក់​មេក្រូ​ រស់នៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្តកណ្ដាល។

​ទាក់ទិនករណី​ខាងលើ​ ម្ចាស់​ដើមការ​បាន​រៀបរាប់​ប្រាប់​សមត្ថ​កិច្ច​ថា នៅ​ថ្ងៃ​ទី​១២ មីនា គាត់​បាន​ធ្វើ​ពិធី​រៀប​​អាពាហ៍ពិពាហ៍​កូនប្រុស-​ស្រី ។ លុះដល់​ពេល​យប់ ​ស្រាប់តែ​ជនរង​គ្រោះ​និងជនសង្ស័យ ដែល​ជា​អ្នក​រត់​តុ និងអ្នក​ចាក់​មេក្រូ បាន​មាន​ទំនាស់​កាប់​ចាក់​គ្នា ខណៈ​ពេល​ចប់​កម្មវិធី​ទៅ​ហើយ ។

ម្ចាស់​ពិធី​មង្គលការ​បន្ត​ថា មុន​ពេល​កើតហេតុការណ៍ខាងលើ គឺខាង​ចុងភៅ​បាន​រើ​អីវ៉ា​ន់​(​តុ​ការ​)​ដើម្បី​យក​ទៅ​ផ្ទះ​គេ​វិញ ពេល​នោះខាង​ជនសង្ស័យដែល​កំពុង​ផឹក​ជាមួយ​ជន​រង​គ្រោះក្នុង​មាន​សភាព​ស្រវឹង​ខ្លាំង បាន​និយាយ​ឡូឡា​តែ​ម្នាក់ឯង ហើយជន​សង្ស័យ​ក៏​ឃាត់​កុំ​ឲ្យ​មាត់​ឡូឡា​ទៀត ។ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ស្ដាប់​ទេ​ថែម​ទាំង​និយាយ​ពាក្យ​មិន​គប្បី​ទៅ​លើ​ជនសង្ស័យ ​​ភ្លាម​នោះ​ជនសង្ស័យ​ខឹង​ខ្លាំង នឹង​បាន​យក​កែវ​ស្រា គប់​ទៅ​លើ​ជន​រង​គ្រោះ ចំ​សៀត​ថ្កា​ខាងស្ដាំ​មួយ​កែវ បណ្ដាល​ឲ្យ​បែក​ហូរ ឈាម​យ៉ាង​ខ្លាំង ។

ក្រោយ​កើតហេតុ​ភ្លាម​នោះ ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភក្តិ​ និង​បងប្អូន​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ព្រែក​អញ្ចាញ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវស្វែងរក​ចាប់ខ្លួន​ជន​បង្ក។

អត្ថបទ៖  https://kohsantepheapdaily.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online