អនុព័ន្ធយោធាបារាំង ប្រចាំកម្ពុជា កោតសរសើរកងទ័ពមួកខៀវកម្ពុជា ដែលបំពេញភារកិច្ចបានយ៉ាងល្អ

ភ្នំពេញ៖ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងការ បញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលបេសកកម្មកម្មទាំងនោះភាគច្រើននៅតំបន់ប្រើប្រាស់ភាសាបារាំង ហើយកងទ័ពមួកខៀវកម្ពុជាអាចប្រើប្រាស់ភាសា បារាំង បានល្អថែមទៀត ។

ក្នុងជំនួបកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស បានបញ្ជាក់ថា កន្លងមកនេះ កងទ័ពបារាំង មានតួនាទីសំខាន់ក្នុងការជួយបណ្ដុះបណ្ដាលដល់កងយោធពលខេមរភូមិន្ទ ពិសេសលើផ្នែកភាសាបារាំង ហើយរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ លោកសង្ឃឹមថា កងទ័ពប្រទេសទាំងពីរ នឹងធ្វើឲ្យមានការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀត ។

ចំណែកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះការមកបំពេញបេសកកម្មកាទូត នៅកម្ពុជារបស់លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស ព្រមទាំងបានលើកឡើងជុំវិញការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រហូតធ្វើឲ្យមានសភាពធូរស្រាលមកដល់បច្ចុប្បន្ន ។

ពាក់ព័ន្ធដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ពីការជួយជ្រោមជ្រែងរបស់បារាំងដល់កម្ពុជាពិសេសនៅក្នុងការជួយសម្របសម្រួលបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា ហើយឈានដល់ការចុះហត្ថលេខា កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា នៅឆ្នាំ១៩៩៤ បារាំង បានជួយកងយោធពលខេមរភូមិន្ទ ក្នុងការកសាងធនធានមនុស្ស ការផ្ដល់សម្ភារ ថវិកា និងមធ្យោបាយផ្សេងៗផងដែរ។ នាយឧត្តមសេនីយ៍ សង្ឃឹមថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល កងទ័ពប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online