អបអរសាទរ! ក្រុមគោព្រៃជំទង់កម្ពុជា យកឈ្នះ U23 ហុងកុង ៤-២ នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U23 Asian Cup 2022

CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម U23 ហុងកុង ដោយលទ្ធផល ៤-២ ក្នុង​ការ​ប្រ​កួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers ពូល K នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន នៅ​រសៀល​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ​២០២១ នេះ។

ជំនួបបើកឆាកពូល K នេះ ក្រុមគោព្រៃជំទង់កម្ពុជា បាន​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ ជា​មួយការស៊ុត​បំ​ប៉ោង​សំ​ណាញ់​ទី​ក្រុម U23 ហុងកុង ៤គ្រាប់​មុន ដោយ​កី​ឡា​ករ សៀង ចន្ធា ២គ្រាប់ នៅនាទី៤០ និងនាទី៥៤ មុន​មិត្ដ​រួម​ក្រុម ស៊ិន កក្កដា និង មិន រតនៈ បន្ថែមម្នាក់ ១គ្រាប់ទៀត នៅ​នាទី៥៦ និងនាទី៦១។

នៅសល់រយៈពេលជាង ១០នាទីចុងក្រោយ ទើបក្រុម U23 ហុងកុង វាយ​បក​បាន ២គ្រាប់វិញ ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធ Lam Lok Kan Jordan ទាំង ២គ្រាប់ នៅនាទី៨១ និងនាទី៩០+៣។ គ្រាប់ទី២ របស់​ហុង​កុង គឺជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីខ្សែបម្រើ-ការពារ សឿត ណាវ៉ា បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់។

តាមរយៈជ័យជម្នះនេះ បានជួយឲ្យក្រុម U23 កម្ពុជា មាន ៣ពិន្ទុ​ពេញ​ឈរ​​កំ​ពូល​តា​រាង​ពូល K ជាបណ្ដោះអាសន្ន មុន​ឈាន​ទៅ​ប្រ​កួត​បញ្ចប់​ពូល​​ជា​មួយ​ក្រុមម្ចាស់ផ្ទះ U23 ជប៉ុន នាថ្ងៃទី២៦ ខែតុលាសប្ដាហ៍ក្រោយ។ ការ​ប្រកួតជាមួយជប៉ុន កម្ពុជាត្រូវការយ៉ាងហោច ១ពិន្ទុ ដើម្បី​មាន​សង្ឃឹម​​បាន​ឡើង​ទៅវគ្គបន្ដ នៃពានរង្វាន់យុវជន U23 ជើង​ឯក​ទ្វីប​អាស៊ី​នេះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online