អភិបាលខេត្តកណ្តាល៖ការសង់សំណង់រឹងមាំរបស់ទាហានវៀតណាម គឺនៅលើដីរបស់គេ មិនមែនលើដីកម្ពុជាទេ

ក្រុមទាហានវៀតណាមកាលពីថ្ងៃទី២៥ ខែសីហា បានរុះរើតង់ចាស់របស់ខ្លួនដោយផ្លាស់ប្តូរមកសាងសង់ជាសំណង់រឹងមាំវិញដែលមើលទៅមានសណ្ឋានស្រដៀងគ្នានឹងប៉ុស្តិ៍នគរបាល។ នេះបើតាមរបាយការណ៍របស់ស្នងការខេត្តកណ្តាល ផ្ញើទៅកាន់អភិបាលខេត្តនេះនៅថ្ងៃទី២៦ ខែសីហា។ តាមរបាយការណ៍នោះ អាជ្ញាធរកម្ពុជាក៏បានស្នើឱ្យវៀតណាមបញ្ឈប់ការសាងសង់នេះដែរ ប៉ុន្តែភាគីវៀតណាមមិនព្រម។ ចំពោះបញ្ហានេះ អភិបាលខេត្តកណ្តាលបានគូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាមិនអាចចុះទៅបង្ខំឱ្យទាហានវៀតណាមឈប់សាងសង់បានទេ ព្រោះការសាងសង់នោះ គឺនៅលើទឹកដីវៀតណាម។
លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រសហ្បតិ៍នេះថា ការសាងសង់សំណង់រឹងមាំជំនួសតង់ចាស់របស់ទាហានវៀតណាមនេះ គឺស្ថិតនៅក្នុងស្រុកទិនចូវ នៃខេត្តអានយ៉ាង របស់វៀតណាមដែលមានចម្ងាយប្រមាណ១២០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនដែលទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។ សំណង់រឹងមាំដែលមានសណ្ឋានស្រដៀងនឹងប៉ុស្តិ៍នគរបាលនេះ គឺសាងសង់ឡើងអំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ ហើយប្រក់ដោយស័ង្កសី។ លោកគង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា មូលហេតុដែលទាហានវៀតណាមផ្លាស់ប្តូរតង់នេះ គឺដោយសារតែនៅតំបន់នោះនឹងមានទឹកលិច។ ដូច្នេះហើយ ទាហានវៀតណាម ត្រូវសាងសង់ថ្មីឱ្យមានកម្ពស់ផុតពីដី។
សូមជម្រាបជូនថា មកដល់ពេលថ្ងៃនេះ ទាហានវៀតណាមទើបចាប់ផ្តើមសាងសង់សំណង់រឹងមាំថ្មីនេះលើមួយទីតាំងប៉ុណ្ណោះ។ ប៉ុន្តែតាមគម្រោង ទាហានវៀតណាមនឹងសាងសង់សំណង់រឹងមាំថ្មីឱ្យបាន៤គោលដៅលើ១០គោលដៅចាស់ដែលមានស្រាប់។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅក្នុងរបាយការណ៍ផ្ញើទៅកាន់លោកអភិបាលខេត្តគង់ សោភ័ណ្ឌកាលពីថ្ងៃទី២៦ ខែសីហា។ បើតាមលោកឈឿន សុចិត្ត អាជ្ញាធរមូលដ្ឋាន និងកម្លាំងយោធាការពារព្រំដែនកម្ពុជាបានចុះទៅពិនិត្យទីតាំងនោះ និង បានទាមទារឱ្យទាហានវៀតណាមបញ្ឈប់ការសាងសង់ជាបន្ទាន់ តែទាហានវៀតណាមិនព្រមដោយអះអាងថា ពួកគេធ្វើតាមបញ្ជារបស់ថ្នាក់លើ។
ត្រង់ចំណុចនេះ លោកគង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាមិនអាចចុះទៅបង្ខំឱ្យទាហានវៀតណាមបញ្ឈប់ការសាងសង់នេះបានទេ ដោយហេតុថា ការសាងសង់ គឺស្ថិតនៅក្នុងទឹកដីវៀតណាម បើទោះបីក្បែរបន្ទាត់ព្រំដែនក៏ដោយ។ ដូចនេះហើយ លោកថា មានតែជម្រើសនិយាយចរចាស្នើឱ្យបញ្ឈប់ការសាងសង់ក្នុងនាមប្រទេសជាមិត្តជិតខាងប៉ុណ្ណោះ។ ម្យ៉ាង បើតាមលោកគង់ សោភ័ណ្ឌ ការសាងសង់នេះ គឺដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ឆ្លងកាត់តាមព្រំដែនប្រទេសទាំងពីរ។ ផ្ទុយទៅវិញ ប្រសិនបើការសាងសង់នេះក្នុងចេតនាមិនសមហេតុផលណាមួយ លោកនឹងរាយការណ៍មកកាន់គណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស។
សូមបញ្ជាក់ថា ទាហានវៀតណាមបានបោះតង់ប្រមាណជាង៣០តង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តកណ្តាល។ ការបោះតង់នេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ឆ្លងកាត់តាមព្រំដែននៃប្រទេសទាំងពីរ។ កន្លងមក ក្រសួងការបរទេសកម្ពុជាធ្លាប់បានផ្ញើកំណត់ទូតទៅកាន់ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យរុះរើតង់ទាំងអស់នោះចេញវិញ។ ប៉ុន្តែ ភាគីវៀតណាមបានបញ្ជាក់មកវិញថា ការបោះតង់នោះ គឺបណ្តោះអាសន្ន និងរុះរើចេញវិញ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់៕
By: Bonny From: RFI https://www.rfi.fr/km/