អភិបាលខេត្តត្បូងឃ្មុំ ប្រកាសផ្ដល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនបេក្ខជនប្រឡងបាក់ឌុបនៅទូទាំងខេត្ត

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសពីការផ្ដល់ជូនកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខ នៅទូទាំងខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ឌសោភ័ណ្ឌ បានថ្លែងបែបនេះថា «ដើម្បីសម្រួលដល់សិស្សានុសិស្ស និងអាណាព្យាបាល រដ្ឋបាលខេត្តត្បូងឃ្មុំ សូមប្រកាសផ្ដល់ជូនកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់នៅទូទាំងខេត្ត។ ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡងសរុបចំនួន៤,២៧៩នាក់»។

ទីតាំងដែលផ្ដល់ជូនការស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់បេក្ខជនប្រឡងនោះរួមមាន ក្រុងសួង មានដូចជា៖ ផ្ទះសំណាក់ផ្សារសួង២, ភ្នំមាស, ៦៦៦, អ៊ាតអ៊ន់, សំណាងរាត្រី, ផ្ទះសំណាក់បាយ័ន, ចែ លី និង យូ ឡុង។ ស្រុកត្បូងឃ្មុំ មានដូចជា៖ ផ្ទះសំណាក់មាន មាន, ពន្លឺចន្ទ, រស្មីនារី, នាគពីរ, សុចរិតមហាឧត្តម, គីម ប៊, មហា លាភ, ខុម សិលា, ថោ ស៊ីថេង១, មាន ហេង និងសំណាក់ Wifi។ ក្រៅពីផ្ទះសំណាក់ខាងលើ រដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ ពុំទទួលខុសត្រូវឡើយ។ បន្ថែមពីនេះការទទួលផ្ញើកង់ ម៉ូតូ ក៏មិនគិតថ្លៃដូចគ្នាផងដែរ។

សូមជម្រាបថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤,១៨៣នាក់ ស្រី៦០,៣៩៧នាក់។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២០៤មណ្ឌល ត្រូវជា ៤,៦១៦បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online