អភិបាលរាជធានីភ្នំពេញ ជំរុញដល់អាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ខណៈជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលដល់សហគមន៍ត្រូវបន្តជុំរុញការចាក់វ៉ាក់សាំង

ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ឯកឧត្ដម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ឱ្យ​ពង្រឹងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ហើយនោះពិសេស គឺការជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដុសមូលដ្ឋាន ដុសជំរុញទី៣និងដុសទី៤ ឱ្យ​បានគ្រប់គ្នា។

ការជំរុញបែបនេះរបស់​ឯកឧត្ដម ឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference ) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត​ស្ដីពីការ​ជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដូស​ជំរុញ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញនៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះអ្វីដែលយើងត្រូវអនុវត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង វិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាលនិងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំងដុសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ។  ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនិងបង្កើត ទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងមូលដ្ឋានដុសជំរុញទី៣និងដុសទី៤ ឲ្យបានគ្រប់គ្នា។ ឯកឧត្ដម​បញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វាជាអាវក្រោះ ដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមិនមានឆ្លងកូវីដ-១៩។

ឯកឧត្ដម​ក៏បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់សាំងទាំងដុសជម្រុញនិងដុសទី៤ អោយបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះនៅទាហានឬ ចាក់នៅតាមបណ្តាខណ្ឌជាមួយផ្នែកស៊ីវិលនោះទេ គឺត្រូវតែចាក់ជូនពួកគាត់ ជៀសវាងកុំឲ្យលេចឮ ពាក្យថា ពួកគាត់មកទទួលការចាក់វ៉ាក់សាំងហើយ យើងមិនបានចាក់ជូនពួកគាត់។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំកន្លែងផ្ដល់​សេវា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៤២ទីតាំង។ គ្រប់​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ត្រូវ​ធ្វើ​ការ​ណែ​នាំ​ដល់​មន្រ្តី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត ៣ ការពារ ៣កុំ និង​ត្រូវ​គោរព​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ជាពិសេស​មន្ទីរ​អប់រំ យុវជន និង​កីឡារាជធានីភ្នំពេញត្រូវ​ចេញ​លិខិត​ជូន​ដល់​មាតាបិតា​អាណាព្យាបាល​សិស្សទាំងអស់​ត្រូវ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ឱ្យ​បាន​គ្រប់ៗគ្នា ទាំង​ដូស​មូលដ្ឋាន ទាំង​ដូស​ជំរុញ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ដែល​កំពុង​តែ​ចូល​មកដល់​សហគមន៍​ហើយ​។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេងក៏បានប្រកាសពីការប្រគល់ម៉ាសមួយចំនួនទៅអាជ្ញាធរខណ្ឌទាំង១៤ផងដែរ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាស់ ចំនួន១ម៉ឺនម៉ាស និងផ្សាររដ្ឋទាំងអស់នៅទូទាំរាជធានីភ្នំពេញ ក្នុងមួយផ្សារៗទទួលបានម៉ាសចំនួន៥០០០ម៉ាស ដើម្បីចូលរួមក្នុងការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះ យើងអនុវត្តនូវវិធានការ ការពារទប់ស្កាត់ជម្ងឺកូវីដ-១៩នេះបានល្អប្រសើរហើយ ដូច្នេះយើងត្រូវបន្តអនុវត្តនូវវិធានការទាំងនេះ អោយបានល្អប្រសើរថែមទៀត ដើម្បីឈានទៅកាត់ផ្តាច់ជម្ងឺកូវីដ-១៩ ប្រភេទអូមីក្រុងដែលបាននិងកំពុងឆ្លងចូលទៅក្នុងសហគមន៍នេះ អោយបាន។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ខណៈដែលពិភពលោកទាំងមូល បានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាននោះ វាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើអោយសេដ្ឋកិច្ចកម្ពុជា ក៏កាន់តែល្អប្រសើរផងដែរ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online