អាការះ ៥ យ៉ាងពេលស្ត្រីពពោះសុទ្ធតែអាចឆ្លងកាត់នូវបញ្ហាសុខភាពច្រើនបំផុតចំពោះស្រីៗ

អាការៈឈឺចុកចាប់ ៥ យ៉ាង ស្ត្រីពពោះសុទ្ធតែអាចឆ្លងកាត់បញ្ហាសុខភាពជាច្រើនឧស្សាហ៍កើតមានបំផុតចំពោះស្រីៗគ្នាយើងកំពុងពពោះ។ អំឡុងពេលមានផ្ទៃពោះ ដោយសារបញ្ហាកើនទម្ងន់ បម្រែបម្រួលអ័រម៉ូន និងកើនសម្ពាធឈាម សុទ្ធតែនាំឲ្យស្រីៗយើង រងការឈឺចាប់លើរាងកាយ។ ហេតុនេះហើយ “Hello គ្រូពេទ្យ” នឹងលើកយកអាការៈឧស្សាហ៍កើតមានបំផុតមកបកស្រាយឲ្យគ្នាយើងបានដឹងខ្លះៗ។

១- បញ្ហារមួលក្រពើបញ្ហារមួលក្រពើ ជាទូទៅកើតឡើងដោយសារសាច់ដុំកំភួនជើង ហើយក៏ឧស្សាហ៍កើតមានបំផុតលើស្រីៗកំពុងពពោះ ពិសេសនៅពេលយប់អំឡុងត្រីមាសទី២ និងទី៣ នៃការពពោះ។ បញ្ហានេះកើតមាននៅពេលផ្នែកណាមួយនៃសាច់ដុំកំភួនជើងរបស់យើងកន្ត្រាក់ និងរមួលចូលគ្នា ហើយពិតជាធ្វើឲ្យយើងឈឺចុកចាប់ខ្លាំង។មានកត្តាជាច្រើនសុទ្ធតែធ្វើឲ្យរមួលក្រពើកើតមានរាប់បញ្ចូលទាំងការឡើងទម្ងន់ពេលពពោះ ដែលដាក់សម្ពាធកាន់តែធ្ងន់លើសាច់ដុំកំភួនជើង រួមទាំងការផ្លាស់ប្តូរសម្ពាធឈាម និងបម្រែបម្រួលអ័រម៉ូនជាដើម។ស្រ្តីខ្លះបានលើកឡើងថា អាការៈរមួលក្រពើ តែងធ្វើឲ្យខ្លួនភ្ញាក់ទាំងកណ្តាលយប់ ពិសេសពេលពពោះឈានដល់ត្រីមាសទី ២ ប៉ុន្តែដោយសារការហាត់ប្រាណលាតសន្ធឹងសាច់ដុំកំភួនជើង ជួយឲ្យអាការៈឈឺចាប់បាត់អស់គ្មានសល់។ គ្នាយើងអាចសាកល្បងហាត់ប្រាណរបៀបនេះ តាមការណែនាំឲ្យសមស្របសម្រាប់ស្រីៗកំពុងពពោះ ហើយនៅលើបណ្តាញសង្គម ពិសេស Facebook និង YouTube មានសម្បូរការណែនាំវិធីហាត់បែបនេះណាស់។

២- ហើមជើង និងប្រអប់ជើងនៅពេលមានឡើងជាតិទឹកក្នុងរាងកាយលើសកម្រិត វានឹងច្រាលទៅកាន់ជើង និងប្រអប់ជើង ហើយឧស្សាហ៍កើតមានបន្ទាប់ពីពពោះបានប្រមាណ៣ខែ ដែលត្រូវចាត់ទុកជាការពពោះពេញលក្ខណៈ។ ទោះយ៉ាងណា អាការៈនេះក៏មិនបានធ្វើឲ្យយើងមានអារម្មណ៍មិនស្រណុកសុខស្រួលនោះដែរ។មានវិធីហាត់ប្រាណជាច្រើន អាចជួយដោះស្រាយបញ្ហាហើមជើងអំឡុងពេលពពោះ ខណៈស្រ្តីខ្លះបានចែករំលែកបទពិសោធរបស់ខ្លួនថា ការហាត់ប្រាណបានជួយបន្ធូរអាការៈហើមជើង និងប្រអប់ជើង ឬ Swollen feet and legs ពិសេសអាចជួយធ្វើឲ្យលំហូរឈាមទៅកាន់ជើង និងប្រអប់ជើងរត់បានល្អ អាចដោះស្រាយបញ្ហាលើសជាតិទឹកទៀតផង។ អំឡុងពេលហាត់ប្រាណវិធីនេះ គ្នាយើងក៏អាចប្រើក្រណាត់យឺត (Theraband) ជាជំនួយពេលហាត់ បើសិនជាចង់ឲ្យប្រសិទ្ធភាពកាន់តែលឿន។ត្រូវចាំថា យើងគួរតាមដានអាការៈហើមឡើងខ្លាំងភ្លាមៗ នៅលើជើង មុខ និងដៃ ដែលវាអាចជាសញ្ញាសុខភាពធ្ងន់ធ្ងរណាមួយនៃការពពោះ ដែលយើងហៅជា ជាជំងឺបម្រុងក្រឡាភ្លើង។ សញ្ញាដទៃទៀត រាប់បញ្ចូលទាំងឈឺក្បាលខ្លាំង ឈឺក្រោមឆ្អឹងជំនី មានបញ្ហាគំហើញ និងក្អួតជាដើម។ បើកត់សម្គាល់ឃើញមានរោគសញ្ញាណាមួយ ប្រយ៉ាប់ស្វែងរកជំនួយពីគ្រូពេទ្យ ឬឆ្មបជាដើម។

៣- អាការៈឈឺក្រោមចង្កេះអាការៈឈឺប្រភេទនេះ ឧស្សាហ៍កើតមានបំផុតចំពោះស្រីៗពពោះ គឺមានដល់ទៅ ២/៣ នៃស្រីៗពពោះទាំងអស់។ នៅត្រីមាសដំបូង កត្តាធ្វើឲ្យឈឺខ្នងខាងក្រោម អាចដោយសារការសម្រាករបស់សាច់ដុំ និងសរសៃជុំវិញត្រគាក ខណៈបន្ទាប់ពី ៣ខែដំបូង អាការៈអាចនឹងកាន់តែឈឺ ដោយសារតែការឡើងទម្ងន់សង្កត់ទៅលើស្បូន បូករួមទាំងសាច់ដុំពោះទៀតផង។មានការលើកឡើងថា ភាគច្រើននៃស្រីៗគ្នាយើងកំពុងពពោះ តែងមានអាការៈឈឺចង្កេះខាងក្រោម និងមានអារម្មណ៍ថា មិនអាចបត់បែនបានស្រួលដូចពីមុន ហេតុនេះ គួរហាត់ប្រាណបន្ធូរការឈឺចង្កេះ (Lower back pain) ដែលមានបង្ហោះច្រើនលើបណ្តាញសង្គម YouTube។

៤- ឈឺចុកចាប់ត្រគាកពីមុនមក បញ្ហានេះត្រូវគេហៅថាជាដំណើរមិនស៊ីគ្នានៅតំបន់ត្រគាក (Previously known as symphysis pubis dysfunction) ឬ SPD ខណៈការចុកចាប់ត្រគាក ក៏ជាបញ្ហាឧស្សាហ៍កើតមានច្រើនផងដែរ បង្កឡើងដោយសារសន្លាក់នៅតំបន់ត្រគាកធ្វើចលនាមិនស្មើគ្នា ដោយកើតមានលើស្រីៗពពោះយ៉ាងហោចណាស់ម្នាក់ក្នុងចំណោម ៥នាក់។បើទោះជាបញ្ហានេះ មានសុវត្ថិភាពពេញលេញសម្រាប់កូនយើងក្តី ប៉ុន្តែយើងនៅតែទំនងរងការឈឺចាប់នៅលើថ្ងាសក្រោមផ្ចិត ខ្នងខាងក្រោម ត្រគាក ភ្លៅ និងជង្គង់ ពិសេសពេលដើរ ឬប្រែខ្លួននៅលើគ្រែ ក៏ដូចជាការដើរចុះឡើងជណ្តើរជាដើម។គ្នាយើងអាចនឹងកត់សម្គាល់មានសូរក្រិកៗ និងសង្កៀតនៅតំបន់ត្រគាក ដោយសារបញ្ហានេះ ហើយបើអាការៈឈឺនេះនៅតែបន្តមានយូរ ស្រីៗយើងគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីជួយដោះស្រាយឲ្យយើង។

៥- ឈឺភ្លៅខាងក្នុងសាច់ភ្លៅខាងក្នុង ជាផ្នែកមួយផ្សេងទៀតនៃរាងកាយ ស្រីៗពពោះខ្លះអាចឈឺ និងតឹងណែនខ្លាំងអំឡុងពេលពពោះ។ បើគ្នាយើងមានបញ្ហាឈឺ និងតឹងណែន មានអារម្មណ៍ក្តៅដូចរលាកនៅតំបន់នោះ យើងអាចពិភាក្សាជាមួយពេទ្យដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវណាមួយសម្រាប់យើង។

By: Bonny From: ប្រភពឯកសារដើម ដោយ សន សុភា Medical news for Cambodia ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត|