អាជ្ញាធរខណ្ឌចំការមនចុះបង្រ្កាបហ្គេមបាញ់ត្រីមួយកន្លែងឃាត់មនុស្ស៧នាក់និងរឹបអូសទូរហ្គេម 

ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះប្រតិបត្តិការ បង្រាបល្បែងស៉ីសងហ្គេមបាញ់ត្រី ឃាត់ខ្លួនមនុស្ស៧នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍នេះ លោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះបង្រាបល្បែងស៉ីសងហ្គេមបាញ់ត្រី ស្ថិតនៅភូមិ៤ ផ្លូវ៩៧ កែងផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

មន្រ្តីសាលាខណ្ឌចំការមនបានឲ្យដឹងថា នៅមុនឈានដល់ការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី នេះ ដោយការរាយការណ៍ពីបងប្អូន ប្រជាពលរដ្ឋ រស់នៅជិតខាងទីតាំងលួចបើកល្បែងស៉ីសងនេះ និងមានមនុស្សប្រុសស្រីក្មេងៗ ស្ទាវៗ ចេញចូលលេងពពាក់ពពូន បង្កភាពអសន្តិសុខ ដល់ការរស់នៅរបស់បងប្អូនពលរដ្ឋ។

ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបាន ឃាត់មនុស្សចំនួន០៧ ស្រី០២នាក់ និងទូហ្គេមបាញ់ត្រីចំនួន ០២ទូ និងទូកុំព្យូទ័រចំនួន០៦គ្រឿង រួចយកទៅរក្សារទុកនៅសាលាខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕