អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យមាតាបិតាសិស្សនៅតំបន់ជនបទយកកូនដល់អាយុមករៀនឱ្យបានគ្រប់គ្នា ខណៈសាលារៀនបានខិតជិតផ្ទះរបស់បងប្អូនហើយ

សៀមរាប÷ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នង មាន២បន្ទប់ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២២​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ឥឡូវនេះមានសាលារៀនជាច្រើនហើយដែលបានបង្ខិតមកនៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងនៅថ្ងៃនេះ យើងមានអគារសិក្សាថ្មី១ខ្នងទៀតបានសាងសង់នៅជិតផ្ទះរបស់បងប្អូនលើខ្នងភ្នំគូលែន ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យមាតាបិតាសិស្សដែលមានកូនគ្រប់អាយុចូលរៀន សូមយកកូនមករៀនឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកឱ្យកុមារណាម្នាក់មិនចេះអក្សនោះទេ ព្រោះថា ក្មេងៗទាំងនេះជាធនធានមនុស្សដ៏សំខាន់ក្នុងចូលរួមអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត ។

ជាមួយគ្នានេះដែរ លោក ពៅ ពិសិដ្ឋ បានថ្លែងនូវអំណរគុណដល់អង្គការចក្ខុវិស័យកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសាងសង់សាលារៀន១ខ្នង មាន២បន្ទប់ ជូនដល់សលាបឋមសិក្សាចក្ខុវិស័យកម្ពុជា ថ្មជ្រួញនាពេលនេះ ដើម្បីជួយសម្រួលដល់កុមារតូចៗ នៅតំបន់ជនបទ ដែលដល់អាយុចូលរៀនហើយ តែមិនទាន់ទៅចូលរៀន ដោយសារតែសាលារៀននៅឆ្ងាយពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែប្រការដែលសំខាន់នាពេលនេះ សូមអំពាវនាវដល់លោកគ្រូ អ្នកគ្រូនិង សិស្សានុសិស្សទាំងអស់ ត្រូវបន្តលើកកម្ពស់សុខភាពអនាម័យឱ្យបានខ្ជាប់ខ្ជួន ក្នុងបរិបទកូវីដ-១៩នេះ ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នៅក្នុងសាលារៀន ។

លោក ស៊ត់ ចន្ថា ប្រធានអង្គការចក្ខុវិស័យកម្ពុជា ប្រចាំនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានសាងសង់សាលារៀនជាច្រើនទាំងនៅក្នុងទីប្រជុំជនក្រុង និងតំបន់ជនបទ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅមានកន្លែងជនបទមួយចំនួនមិនទាន់មានសាលារៀនគ្រប់គ្រាន់នៅជិតផ្ទះរបស់បងប្អូនដែរ ហេតុនេះ ដោយមើលឃើញពីភាពជាក់ស្តែងថា កុមារតូចៗនៅក្នុងភូមិនេះ ត្រូវដើរក្នុងចម្ងាយប្រមាណ២គីឡូម៉ែត្រទើបដល់សាលារៀន ដែលជាការលំបាករបស់កុមារតូចៗ និងក្តីបារម្ភពីសុវត្ថិភាពរបស់មាតាបិតាផងនោះ អង្គការចក្ខុវិស័យកម្ពុជា បានសហការជួយដល់អាជ្ញាធរមូលដ្ឋាន សាងសង់សាលារៀន១ខ្នង ដែលមាន២​បន្ទប់នេះ ដើម្បីឱ្យកុមារតូចៗនៅក្នុងភូមិនេះ ងាយស្រួលក្នុងការទៅរៀនឱ្យបានគ្រប់ៗគ្នា ។

លោក រ៉ូបឺទ ប្រាន់ (Robert Brunt)ប្រធានអង្គការចក្ខុវិស័យកម្ពុជា ប្រចាំនៅសហរដ្ឋ​អាមេរិក បានថ្លែងថា សាលារៀន គឺជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដូច្នេះយើងចាំបាច់ត្រូវចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កន្លែងសម្រាប់ បណ្តុះបណ្តាលធនធានមនុស្សនៅតំបន់ជនបទ ដែលនៅគៀកនឹងផ្ទះរបស់ពួកគាត់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online