អាជ្ញាធរខេត្តសៀមរាប អបអរសាទរសិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២

នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២២នេះ លោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប បានអបអសាទរ និងចែករង្វាន់លើកទឹកចិត្តដល់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២ និងជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ គណិតវិទ្យាMOSC ថ្នាក់ទី១០ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយខេត្តសៀមរាប។

លោក អ៊ឹង គីមលាង លើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឱ្យការអភិវឌ្ឍធនធានមនុស្សមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយផ្អែកលើមូលដ្ឋានចំណេះដឹង លើគ្រប់វិស័យ រួមមានវិទ្យាសាស្ត្របច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយនឹងការរីកចម្រើន បណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនឹងការលើកកម្ពស់វិស័យអប់រំនេះ លោកអភិបាលរង បានបញ្ជាក់ផងដែរ សិស្សានុសិស្ស ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ជាពិសេសសិស្សានុសិស្សដែលទទួលបានជ័យលាភីនៅពេលនេះ ដើម្បីឈានទៅធ្វើការប្រកួតប្រជែងកម្រិតតំបន់ និងអន្តរជាតិ នាពេលខាងមុខ។ លោកបន្តថា ភាពជោគជ័យរបស់សិស្សានុសិស្ស ក៏មិនអាចខ្វះបាននូវកិច្ចខិតខំប្រឹងប្រែងរបស់ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ក្នុងការអភិវឌ្ឍកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងគុណភាពស្តង់ដាជាតិ និងអន្តរជាតិ។ លើសពីនោះ ការអប់រំក៏ទាមទារ ឱ្យមានតុល្យភាពរវាងវិជ្ជាសម្បទាបំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងបរិស្ថាន ព្រមទាំងមានមនសិការស្នេហាជាតិ និងមនុស្សជាតិផងដែរ។

គួររំលឹកថា ការប្រលងជ្រើសរើសសិស្សពូកែ ផ្នែកអក្សរសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេសលើកទី២៦ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដែលមានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានសិស្សានុសិស្សចូលរួមសរុប ៤៨០នាក់ ទទួលបានចំណាត់ថ្នាក់៦០នាក់ និងទទួលបានមេដាយសរុប ១៨នាក់។ ក្នុងនោះ ខេត្តសៀមរាបទទួលបានមេដាយមាស ផ្នែកគណិតវិទ្យាថ្នាក់ទី១២ មេដាយប្រាក់ ផ្នែកគណិតវិទ្យាថ្នាក់ទី៩ និងមេដាយប្រាក់ ផ្នែករូបវិទ្យាថ្នាក់ទី៩៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online