អាជ្ញាធរសហរដ្ឋអាមេរិក រកឃើញផ្លូវក្រោមដីរត់ពន្ធគ្រឿងញៀនឆ្លងដែនវែងជាងគេបំផុត (មានវីដេអូ)
អាមេរិក៖ អាជ្ញាធររបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគាត់បានរកឃើញរូងក្រោមដីរត់ពន្ធគ្រឿងញៀនវែងបំផុតបំផុតនៅតាមព្រំដែនជាមួយប្រទេសម៉ិកស៊ិក។ រូងក្រោមដីនេះមានប្រវែង ១,៣១៣ ម៉ែត្រនិងមានប្រព័ន្ធផ្លូវដែក ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធខ្យល់ចេញចូល និងមានប្រព័ន្ធភ្លើងថែមទៀតផង។

ផ្លូវក្រោមដីនេះបានភ្ជាប់ពីកន្លែងឧស្សាហកម្មមួយក្នុងទីក្រុងទីជួណានៃប្រទេសម៉ិកស៊ិក ទៅដល់ទៅទីក្រុងសានឌីហ្គោ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយក្នុងនោះអាជ្ញាធរនៅមិនទាន់បានឃាត់ខ្លួន ឬរកឃើញគ្រឿងញៀននៅឡើយទេ ចំណែកជនសង្ស័យដែលនៅពីក្រោយការសាងសង់ផ្លូវក្រោមដីនេះក៏នៅមិនទាន់រកឃើញដែរ។
ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ក្រុមអ្នកលេង Sinaloa Cartel ដែលរស់នៅក្នុងប្រទេសម៉ិកស៊ិកគឺជាក្រុមអ្នករត់ពន្ធគ្រឿងញៀនធំបំផុតនៅលើពិភពលោកដែលធ្វើប្រតិបត្តិការនៅតំបន់នោះ ហើយមេក្លោងរបស់ក្រុមឧក្រិដ្ឋជននោះមានឈ្មោះថា Joaquín Guzmán ដែលសព្វថ្ងៃកំពុងជាប់ពន្ធនាគារអស់មួយជីវិតនៅសហរដ្ឋអាមេ
រិក។

សូមបញ្ជាក់ផងដែរថា រូងក្រោមដីនេះត្រូវបានគេរកឃើញកាលពីថ្ងៃពុធ ដែលមានជម្រៅ ២១ ម៉ែត្រនៅពីក្រោមផ្ទៃដី ហើយរូងក្រោមដីមានកំពស់ ១៦៧ សង់ទីម៉ែត្រ និងទទឹង ៦០ សង់ទីម៉ែត្រ។ គេក៏នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើវាត្រូវចំណាយពេលប៉ុន្មានដើម្បីសាងសង់៕
អត្ថបទ៖ https://www.khmerload.com/