អាជ្ញាធរបង់ក្លាដែសព្យួរការងារនាយកសាលាម្នាក់ ពីបទកាត់សក់សិស្ស ៥០ នាក់
ក្មេងៗកំពុងរៀននៅក្នុងថ្នាក់នៃសាលារៀនមួួយនៅប្រទេសបង់ក្លាដែស។ AFP
ក្រុងដាក្កា៖ មន្ត្រីបានថ្លែងកាលពីថ្ងៃចន្ទថា អាជ្ញាធរបង់ក្លាដែសបានព្យួរការងារនាយកសាលាវិទ្យាល័យម្នាក់ ដែលបានកាត់សក់សិស្សសាលាមួយចំនួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីអប់រំដល់ពួកគេ ដោយបានបង្កឲ្យមានការតវ៉ាជាច្រើននៅក្នុងទីក្រុងជនបទភាគខាងលិចមួយនេះ។
ប្រធានប៉ូលិសប្រចាំតំបន់លោក ឌីលីប កូម៉ារ ដាស់ បានថ្លែងថា លោក ស៊ីកាន់ដារ-អាលី ជានាយកសាលាវិទ្យាល័យចូអារី នៅក្នុងទីក្រុងបារ៉ៃ្រហ្កាម បានចាប់ផ្តើមកាត់សក់របស់ក្មេងប្រុសមួយចំនួន ជាមួយកន្រ្តៃរបស់ជាងកាត់សក់ កាលពីរសៀលថ្ងៃអាទិត្យ ដោយបានបង្កឲ្យមានការជ្រួលច្របល់ នៅក្នុងចំណោមសិស្សសាលាជាច្រើន។
លោក ឌីលីប កូម៉ារ ដាស់ បានថ្លែងប្រាប់កាសែត AFP ថា៖ «លោកបានយកកន្រ្តៃរបស់លោកកាត់សក់របស់ពួកគេដោយព្រាវៗ លោកបានកាត់សក់សិស្សសាលាប្រហែល ៥០ នាក់ ហើយសិស្សមួយចំនួនបាននិយាយថា ពួកគេបានរងរបួសនៅអំឡុងពេលកាត់សក់នៅទីនោះ»។
ប្រធានប៉ូលិសរូបនោះបានបន្ថែមថា គ្រូបង្រៀនដែលមានវ័យ ៦០ ឆ្នាំម្នាក់នោះ មាន «ផ្នត់គំនិតចាស់គំរិល» ហើយចង់ដាក់ទណ្ឌកម្មដល់ក្រុមសិស្សណាដែល «ទុកសក់វែង» មិនគោរពវិន័យសាលា។
ឧប្បត្តិហេតុនេះ បានបង្កឲ្យមានការតវ៉ានានានៅក្នុងទីក្រុងនោះ ដោយមានសិស្សសាលារាប់រយនាក់ ឪពុកម្តាយរបស់ពួកគេ និងក្រុមអ្នកស្រុកនៅក្នុងតំបន់បានប្រមូលផ្តុំគ្នានៅក្នុងបរិវេណសាលា ដើម្បីទាមទារឲ្យចាត់វិធានការឲ្យបានខ្លាំងក្លាប្រឆាំងលោកនាយកសាលានោះ៕
អត្ថបទ៖ https://www.postkhmer.com/