អាមេរិកសម្រេចផ្អាកជើងហោះហើរចេញពីប្រទេសចិន ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងដល់ ១៣២នាក់ហើយ
ចិន៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងរហ័សដល់ ១៣២ នាក់គិតត្រឹមថ្ងៃពុធនេះ ស្របពេលអ្នកឆ្លងវីរុសថ្មីៗបានកើនឡើងចំនួន ១,៥០០នាក់បន្ថែមទៀត ដែលបង្កជាសម្ពាធដ៏ធ្ងន់ធ្ងរមួយមកលើក្រុងប៉េកាំង។
មន្ត្រីរបស់សហរដ្ឋអាមេរិកបាននិយាយថា សេតវិមានកំពុងថ្លឹងថ្លែងថានឹងត្រូវផ្អាករាល់ជើងហោះហើរមកពីប្រទេសចិនទាំងអស់ ដោយសេតវិមានកំពុងបើកការប្រជុំប្រចាំថ្ងៃស្តីពីការរីករាលដាលឡើងនៃវីរុសដ៏កាចសាហាវកូរ៉ូណានេះ។

ការភ័យខ្លាចក្នុងការរីករាលដាលនៃវីរុសនេះបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍នានានៅជុំវិញពិភពលោក សម្រេចផ្អាកជើងហោះហើរទៅកាន់ប្រទេសចិន ចំណែកក្រុមហ៊ុនផ្សេងៗទៀតនៅទូទាំងពិភពលោក បានរឹតត្បិតការធ្វើដំណើររបស់និយោជិកទៅកាន់ប្រទេសនេះ។

គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណាបានកើនឡើងដល់ ១៣២ នាក់ ខណៈចំនួនអ្នកឆ្លងវីរុសនេះបានកើនឡើងពី ១,៤៥៩ ដល់ ៥,៩៧៤ នាក់ហើយ។

សូមបញ្ជាក់ផងដែរថា ករណីថ្មីនៃអ្នកដែលឆ្លងវីរុសនេះក៏ត្រូវបានគេរាយការណ៍ផងដែរនៅជុំវិញពិភពលោក រួមទាំងប្រទេសអាល្លឺម៉ង់ ដែលមនុស្សបួននាក់ធ្វើការក្រុមហ៊ុនតែមួយបានឆ្លងវីរុសនេះ បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានធ្វើដំណើរទៅកាន់ប្រទេសចិន៕

សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ https://www.khmerload.com/