អាយុទើប១៥ឆ្នាំ! នគរបាលស្រុកបាទី ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ទើបចេញពីមណ្ឌលកែប្រែ

នៅវេលាម៉ោង ១៥.០០នាទី ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍​ទោស ឆាយ កែវមុន្នី បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកបាទី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា និងប៉ុស្តិ៍នគរបាលរដ្ឋបាលលំពង់ ចុះល្បាតក៏ប្រទះឃើញជនសង្ស័យ ឈ្មោះ រិទ្ធ រតនា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដែលទើបចេញពីមណ្ឌលបន្សាបគ្រឿងញៀន។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានឆែកឆេរឃើញ ក្រាមពណ៌ស ០១កញ្ចប់ សង្ស័យសារធាតុញៀនខុសច្បាប់ និងដកហូតបានទូរស័ព្ទ ០១គ្រឿង ម៉ូតូ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕