អារ៉ាប់ប៊ីអាអូឌីតពិភាក្សាជាមួយកម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ខណៈកម្ពុជាប្រកាសពីគោលដៅទេសចរណ៍សុវត្ថិភាព

(ភ្នំពេញ)៖ អារ៉ាប់ប៊ីសាអូឌីតបានជួបពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ បន្ទាប់ពីដឹងថាកម្ពុជាបានប្រកាសពីគោលដៅទេសចរណ៍ សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ។

ជំនួបពិភាក្សានេះធ្វើឡើងក្រោមវត្តមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក សាអូដ អាល់ ស៊ូវេលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតបានមើលឃើញពីវឌ្ឍនភាព និងកោតសរសើរចំពោះកម្ពុជាដែលបានគ្រប់គ្រងបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ប្រកបដោយគុណភាព និងបានអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសបានយ៉ាងឆាប់រហ័ស ពិសេសគឺការបើកវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍ឡើងវិញ។

លោកឯកអគ្គរាជទូតបានបន្តថា ក្នុងនាមប្រទេសអារ៉ាប់ប៊ីសាអូឌីតជាប្រទេសសមាជិក G20 រដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យថា នៅឆ្នាំ២០៣០ ត្រូវក្លាយជាគោលដៅទេសចរណ៍ពិភពលោកដ៏សំខាន់មួយ ក្នុងនោះអារ៉ាប់ប៊ីសាអូឌីតក៏លើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទៅទស្សនាកម្សាន្តនៅក្នុងប្រទេសខ្លួនផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រផ្សេងៗក្នុងការបើកទេសចរណ៍ក្នុងតំបន់ឡើងវិញ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនទីចង្អុលផ្លូវ ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រទេសចរណ៍ចាក់វ៉ាក់សាំងជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានអះអាងចំពោះលោកឯកអគ្គរាជទូតថា កម្ពុជាជាគោលដៅទេសចរណ៍មួយប្រកបដោយសុវត្ថិភាព ដែលបានស្ដែងឱ្យឃើញនៅក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (AFT 2022) នៅក្រុងព្រះសីហនុកន្លងទៅ។ ក្នុងចំណោមភ្ញៀវអន្តរជាតិជាង៤០០នាក់ មកពី២៧ប្រទេស មុនពេលត្រលប់ទៅវិញ ពួកគេបានធ្វើតេស្ត PCR គឺមិនមានផ្ទុកមេរោគកូវីដ១៩ឡើយ។ លោករដ្ឋមន្ត្រីបានស្នើឱ្យលោក សាអូដ អាល់ ស៊ូវេលីម ជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពទៅក្នុងទីផ្សារទេសចរណ៍ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ឯកឧត្ដម ថោង ខុន បានស្នើដល់អារ៉ាប់ប៊ីសាអូឌីតតាមរយៈលោក សាអូដ អាល់ ស៊ូវេលីម ជួយពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ខណៈភាគីកម្ពុជាបានផ្ញើសេចក្ដីព្រាងអនុស្សរណៈនេះទៅកាន់ភាគីអារ៉ាប់ប៊ីសាអូឌីតរួចហើយ នៅឡើយតែការឆ្លើយតបមកភាគីកម្ពុជាវិញ។ ចំពោះសំណើនេះ លោកឯកអគ្គរាជទូតអារ៉ាប់សាអូឌីតក៏បានទទួលយក និងសន្យាលើកឡើងជូនរដ្ឋាភិបាលរបស់លោក ដើម្បីជំរុញឱ្យកិច្ចការងារនេះឈានទៅសម្រេចបានក្នុងពេលឆាប់ៗខាងមុខ។

ក្រៅពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីគោលបំណងចង់តភ្ជាប់ជើងហោះហើរត្រង់ជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីជំរុញដល់ការផ្លាស់ប្ដូរចរន្តភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងភ្ញៀវមកពីប្រទេសទីបី។ ការតភ្ជាប់ជើងហោះហើរនេះអាចធ្វើឡើងតាមទម្រង់ត្រីកោណ (ភ្នំពេញ-ព្រះសីហនុ-សៀមរាប) ឬតាមទម្រង់ផ្ទាល់រីយ៉ាដ-ភ្នំពេញក៏កាន់តែប្រសើរ។ ជាការឆ្លើយតបរបស់លោកឯកអគ្គរាជទូត គឺនៅក្នុងខែឧសភាខាងមុខនេះ អារ៉ាប់ប៊ីសាអូឌីតនឹងតភ្ជាប់ជើងហោះហើរពីរដ្ឋធានីរីយ៉ាដ (Riyadh) មករាជធានីបាងកកប្រទេសថៃ និងពីរាជធានីបាងកកមករាជធានីភ្នំពេញប្រទេសកម្ពុជា។ នៅពេលបើកសម្ពោធជើងហោះហើរដំបូងនោះ ក៏នឹងមានការរៀបចំដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីទេសចរណ៍អារ៉ាប់ប៊ីសាអូឌីតមកកាន់ប្រទេសកម្ពុជាផងដែរ។

ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញការទស្សនារបស់ភ្ញៀវទេសចរមូស្លីមផងដែរ ដោយឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចស្រេចក្នុងការទទួលភ្ញៀវទេសចរមូស្លីម ក្នុងនោះក្រសួងទេសចរណ៍បានរៀបចំផែនការទាក់ទាញទេសចរមូស្លីមរួចហើយដែរ។ លោកថា នៅមុនពេលផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ប្រជាជននៃប្រទេសទាំងពីរតែងធ្វើដំណើរទៅមកជាប់ឥតដាច់។

ជាមួយគ្នានោះ ឯកឧត្ដម ថោង ខុន បានបង្ហាញការអបអរសាទរ និងគាំទ្រចំពោះការបង្កើតការិយាល័យតំណាងរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីពង្រឹងតួនាទីក្នុងការអភិវឌ្ឍ ក៏ដូចជាពង្រីកសកម្មភាពរបស់អង្គការទេសចរណ៍ពិភពលោកនៅតំបន់មជ្ឈិមបូព៌ាទាំងមូល។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ខិតទំនាក់ទំនងរវាងទីស្នាក់ការកណ្ដាលរបស់ UNWTO នៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញ ជាមួយការិយាល័យតំណាងនៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប់ប៊ីសាអូឌីតនេះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online