អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ
រាជធានីភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿងម៉ាក SCOOPYi ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1T-6008 កាលពីវេលាម៉ោង ១៩:២០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចតារាងបាល់ទះ (ម៉ាយហ្វមស្ពត) ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ម៉ៅ ថល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ភូមិឬស្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានចតម៉ូតូក្បែរតារាងបាល់ ហើយចូលលេងបាល់ ពេលកំពុងលេង ជនសង្ស័យបានធ្វើសកម្មភាពយកម៉ូតូជិះចេញទៅ ស្រាប់តែម្ចាស់ម៉ូតូដឹងខ្លួនទាន់ស្រែកថា ចោរៗ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះជួយដេញចាប់ និងសុំអន្តរាគមន៍ពីកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

