អាមេរិកបញ្ជូនមេអាល់កៃដា នៅយេម៉ែន ទៅជួបយមរាជ
សហរដ្ឋអាមេរិក-យេម៉ែន ៖ សហរដ្ឋអាមេរិក បានប្រកាសនាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ថា បានផ្តាច់ជីវិតមេអាល់កៃដា ក្នុងប្រទេសយេម៉ែន បុរសរូបនោះឈ្មោះកាសេម អាល់រីមី ជាប្រមុខអាល់កៃដា នៅឧបទ្វីបអារ៉ាប់ AQPA ជាក្រុមជីហាដ ដែលប្រកាសទទួលខុសត្រូវ លើការវាយប្រហារភេរវកម្មនានា ប្រឆាំងពួកលោកខាងលិច។
ក្នុងសេចក្ដីប្រកាសមួយសេតវិមាននិយាយថា តាមការណែនាំរបស់ប្រធានាធិបតីលោកដូណាល់ត្រាំ អាមេរិកបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មមួយនៅយេម៉ែន ហើយអាចផ្តាច់យកជីវិតកាសេម អាល់រីមី ជាស្ថាបនិក និងជាប្រមុខក្រុមអាល់កៃដា ក្នុងឧបទ្វីបអារ៉ាប់។
សេចក្ដីប្រកាសបន្តថា ក្រោមការដឹកនាំរបស់អាល់រីមី ក្រុម AQPA បានប្រព្រឹត្តអំពើហិង្សានានា ប្រឆាំងបណ្ដាជនស៊ីវិលនៅយេម៉ែន ហើយស្វែងរកធ្វើការវាយប្រហារជាច្រើនប្រឆាំងសហរដ្ឋអាមេរិក និងកងកម្លាំងរបស់យើង។
សេតវិមានអះងាងថា ការបាត់បង់ជីវិតរបស់កាសេមអាល់រីមី ធ្វើឲ្យក្រុម AQPA និងចលនាអាល់កៃដា លើពិភពលោក កាន់តែចុះខ្សោយថែមទៀត ហើយបែបនេះនាំឲ្យយើងកាន់តែខិតទៅរកលុបបំបាត់ការគំរាមកំហែងនានា របស់ក្រុមទាំងនោះដែលចោទជាបញ្ហាដល់សន្តិសុខជាតិរបស់យើង។
ក្រុម AQPA ឆ្លៀតពេលមានការចុះខ្សោយនៃរដ្ឋអំណាចកណ្ដាលយេម៉ែន ដើម្បីពង្រឹងដែនដីកាន់កាប់របស់គេ ក្នុងភាគខាងត្បូង និងភាគអាគ្នេយ៍ប្រទេស ដែលរងការហែកហួរដោយសង្គ្រាមចាប់តាំងពីខែមីនា ឆ្នាំ២០១៥មក៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/