អឺរ៉ុប រកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយទៀត លើកនេះអ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង

វីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មីមួយទៀត ដែលត្រូវបានរកឃើញនៅក្នុងបណ្តាប្រទេស អឺរ៉ុបមួយចំនួន កំពុងធ្វើឲ្យក្រុមអ្នកជំនាញផ្នែកសុខភាពព្រួយបារម្ភ ដោយសារតែមានការផ្លាស់ប្តូរលើសរសៃប្រូតេអ៊ីន ដែលគេមិនធ្លាប់ជួបពីមុនមក។

វីរុសបំប្លែងខ្លួន B.1.X ឬ B.1.640 ត្រូវបានរាយការណ៍ដំបូងដោយកាសែតបារាំង Le Telegramme បន្ទាប់ពីវាឆ្លងដល់មនុស្សចំនួន២៤នាក់ នៅសាលាបារាំងក្នុងតំបន់ Brittany កាលពីខែមុន។

ទីភ្នាក់ងារសុខភាពប្រចាំតំបន់របស់បារាំងបាននិយាយថា ថ្វីបើស្ថានការណ៍កំពុងស្ថិតក្រោមការគ្រប់គ្រង ហើយមិនមានករណីណាមួយត្រូវបានរកឃើញនៅក្នុងប្រទេសបារាំងចាប់តាំងពីថ្ងៃទី២៦ខែតុលាមកក៏ដោយ ប៉ុន្តែវីរុសបំប្លែងខ្លួននេះនៅតែស្ថិតក្រោមការឃ្លាំមើល។

ករណីមួយចំនួន ក៏ត្រូវបានរកឃើញផងដែរនៅចក្រភពអង់គ្លេស ស្វីស ស្កុតឡែន និងអ៊ីតាលី។

សាស្ត្រាចារ្យ Cyrille Cohen នៃសកលវិទ្យាល័យ Bar-Ilan បានពន្យល់ថា វីរុសបំប្លែងខ្លួន B.1.640 មានធាតុបំប្លែង ដែលគេមិនធ្លាប់ឃើញពីមុនមក។ ជាពិសេស វាមានធាតុបំប្លែងមួយ ដែលអនុញ្ញាតឲ្យវីរុសទៅតោងជាប់កោសិកាមនុស្ស រួចចាប់ផ្តើមដំណើរការចម្លងរោគ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online