អូតង់៖ កងកម្លាំងរុស្ស៊ីប្រហែលជាមានចេតនាយកជនស៊ីវិលជាគោលដៅវាយប្រហារ
អគ្គលេខធិកាអង្គការអូតង់លោក Jens Stoltenberg បានថ្លែងថា កងកម្លាំងរុស្ស៊ីប្រហែលជាវាយប្រហារលើជនស៊ីវិលដោយចេតនា ខណៈជនស៊ីវិលទាំងនោះព្យាយាមរត់ភៀសខ្លួនពីការវាយប្រហារដោយយោធារុស្ស៊ីនៅអ៊ុយក្រែន។
លោក Stoltenberg បានថ្លែងនៅថ្ងៃអង្គារថា៖ «មានសេចក្តីរាយការណ៍ដ៏គួរឲ្យជឿទុកចិត្តបានស្តីអំពីជនស៊ីវិលដែលរងការបាញ់ប្រហារ នៅពេលពួកគេព្យាយាមរត់គេចខ្លួន។ ការបាញ់ប្រហារលើជនស៊ីវិលគឺជាឧក្រិដ្ឋកម្មសង្គ្រាម ហើយវារឿងដែលមិនអាចទទួលយកបានជាដាច់ខាត»។
អគ្គលេខាធិការអង្គការអូតង់រូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅប្រទេសឡេតូនីថា សង្គ្រាមដែលមានរយៈពេលជាងពីរសប្តាហ៍នៅក្នុងប្រទេសអ៊ុយក្រែន បង្កជាផលប៉ះពាល់មនុស្សធម៌ «ដ៏ធ្ងន់ធ្ងរ»។
លោកថ្លែងថា៖ «យើងចាំបាច់ត្រូវមានច្រកភៀសខ្លួនមនុស្សធម៌ដែល[ភាគីទាំងអស់] ត្រូវតែគោរពតាមឲ្យបានពេញលេញ»។
នៅពេលត្រូវបានសួរថាតើអង្គការអូតង់អាចធ្វើអ្វីបានដើម្បីជួយដល់បញ្ហានេះ លោក Stoltenberg បានថ្លែងថា៖ «យើងមានការទទួលខុសត្រូវដើម្បីធានាថា ជម្លោះនេះមិនរីករាលដាលហួសពីព្រំដែនអ៊ុយក្រែនឡើយ»។
បច្ចុប្បន្ននេះ អង្គការអូតង់កំពុងបង្កើនកម្លាំងយោធារបស់ខ្លួនដើម្បីធានាថាប្រទេសជាសមាជិកអូតង់ដែលនៅក្បែរប្រទេសរុស្ស៊ី និងអ៊ុយក្រែន មិនក្លាយជាគោលដៅវាយប្រហារបន្ទាប់របស់រុស្ស៊ី៕
ប្រភព÷VOA