អេរដូហ្គែន សង្ឃឹមថា មានបទឈប់បាញ់មួយនៅស៊ីរី
ក្រុងអង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក រ៉េសិប តៃយីប អេរដូហ្គែន បានថ្លែងកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថានឹងឈានទៅរកឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់មួយនៅក្នុងប្រទេស ស៊ីរី នៅពេលលោកបានជួបជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន នៅពេលក្រោយក្នុងសប្តាហ៍នេះ។
លោក អេរដូហ្គែន ក៏បានប្តេជ្ញាបើកទ្វារសម្រាប់ក្រុមជនចំណាកស្រុក ដែលបានធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុប ខណៈលោកបានដាក់សម្ពាធទៅលើក្រុមប្រទេសលោកខាងលិច ដែលឲ្យប្រទេស តួកគី ជួយបន្ថែមទៀត ជាមួយជម្លោះ និងផលវិបាកមនុស្សធម៌របស់ខ្លួននៅស៊ីរី។
ប្រទេស តួកគី បានថ្លែងកាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើប្រតិបត្តិការយោធាយ៉ាងពេញទំហឹងប្រឆាំងនឹងកងកម្លាំងស៊ីរីដែលគាំទ្រដោយរុស្ស៊ី បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង នៅក្នុងទីតាំងឈរជើងនានារបស់ក្រុមឧទ្ទាមចុងក្រោយនៅខេត្តអ៊ីដលីប។
កាលពីពេលថ្មីៗនេះ ការិយាល័យរបស់លោក អេរដូហ្គែន បានអះអាងថា លោកនឹងរៀបចំជំនួបកំពូលមួយ ជាមួយលោក ពូទីន នៅក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីអំពើហិង្សាដែលកាន់តែកើនឡើងនៅស៊ីរី។
លោក អេរដូហ្គែន បានថ្លែងនៅក្នុងសុន្ទរកថា មួយដែលគេចាក់ផ្សាយតាមទូរទស្សន៍ទៅកាន់ក្រុមសមាជិកគណបក្សរបស់លោក នៅក្នុងទីក្រុងអង់ការ៉ាថា៖ «ខ្ញុំសង្ឃឹមថា លោក ពូទីន នឹងចាត់វិធានការចាំបាច់នៅទីនោះ ដូចជាឲ្យមានបទឈប់បាញ់មួយ ហើយថាយើងស្វែងរកដំណោះស្រាយចំពោះកិច្ចការងារនេះ»។
លោកក៏បានព្រមានអឺរ៉ុបផងដែរថា អឺរ៉ុបត្រូវតែទទួលខុសត្រូវចំពោះជនចំណាកស្រុករបស់ខ្លួន»៕
អត្ថបទ៖ https://www.postkhmer.com/