អ៊ីស្រាអែល រកឃើញវិធីសាស្ត្រក្នុងការផលិតអាវុធឡាស៊ែរថ្មី ដែលអាចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល (មានវីដេអូ)
អ៊ីស្រាអែល៖ ប្រមុខនៃកងកម្លាំងយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសាកល្បងប្រព័ន្ធអាវុធឡាស៊ែរថ្មី ដែលអាចការពារពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) និងមីស៊ីលបានដោយជោគជ័យ។
លោក Yaniv Rotem ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ក្រសួងការពារជាតិបាននិយាយថា អ៊ីស្រាអែលស្ថិតក្នុងចំណោមប្រទេសឈានមុខគេក្នុងការបង្កើតប្រព័ន្ធអាវុធឡាស៊ែរដែលមានថាមពលខ្លាំង។
យោងតាមសារព័ត៌មាន The Jerusalem Post បានរាយការណ៍ថា ក្រសួងការពារជាតិអ៊ីស្រាអែលបានធ្វើការស្រាវជ្រាវបច្ចេកវិទ្យានេះ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយដោយគេមើលឃើញថា វាជាមធ្យោបាយមួយដែលអាចការពារពីការវាយប្រហារដោយអាវុធពីលើអាកាស។

រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Naftali Bennett បានលើកឡើងពីការរកឃើញនេះដែរថា “យើងនឹងបន្ថែមប្រព័ន្ធអាវុធឡាស៊ែរដើម្បីឆ្លើយតបជាមួយនឹងការគំរាមកំហែងពីសំណាក់
ភាគគីខាងជើងឬខាងត្បូង”។ លោក Bennett បានបន្តទៀតថា“ សត្រូវរបស់អ៊ីស្រាអែល មិនគួរចង់សាកល្បងសមត្ថភាពនៃអាវុធថ្មី ឬមានបំណងចង់ឈ្លានពានយើងទេ” ។

គួររម្លឹកផងដែរថា បច្ចុប្បន្ននេះអ៊ីស្រាអែលប្រើប្រព័ន្ធការពារ “Iron Dome” ដែលវាប្រើប្រាស់គ្រាប់
មីស៊ីលក្នុងការទប់ទល់ពីការវាយប្រហាររបស់សត្រូវពីលើដែនអាកាស។ អ៊ីស្រាអែលបានប្រើប្រព័ន្ធការពារមួយនេះកាលពីសម័យសង្គ្រាម ដែលពេលនោះរ៉ុក្កែតរាប់ពាន់គ្រាប់ត្រូវបានបាញ់ចេញតំបន់ហ្គាហ្សាស្ទ្រីប តែត្រូវប្រព័ន្ធការពារដែនអាកាស Iron Dome នេះបានបាញ់ទម្លាក់អស់ជាច្រើន។

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ក្នុងពេលបច្ចុប្បនេះប្រទេសអ៊ីស្រាអែលកំពុងបង្កើតប្រព័ន្ធអាវុធឡាស៊ែរនេះជា ៣ប្រភេទគឺទីមួយប្រព័ន្ធអាវុធឡាស៊ែរដាក់ជាប់នឹងដីក្នុងមូលដ្ឋាន ទីពីរអាវុធឡាស៊ែរដែលអាចដាក់នៅលើនាវា ឬរថក្រោះសម្រាប់កងទ័ពក្នុងសមរភូមិ និងទីបីអាវុធឡាស៊ែរដែលអាចដាក់នៅលើអាកាសបាន៕
ប្រភព៖ https://www.khmerload.com/