អ្នកអភិរក្ស​បានរកឃេីញ​ កូនផ្សោតកើតថ្មីមួយក្បាលដែលវាមានអាយុកាលប្រមាណជាពីរសប្តាហ៍

WWF: ឆ្នាំ២០២១បានបិទបញ្ចប់ជាមួយនឹងដំណឹងដែលពោរពេញដោយក្តីរំភើប ជាពិសេសសម្រាប់ហ្វូងសត្វផ្សោតអ៊ីរ៉ាវាឌី និងប្រព័ន្ធទន្លេមេគង្គទាំងមូល ព្រោះកូនសត្វផ្សោតមួយក្បាលថ្មី ដែលជាកូនទី៦សម្រាប់ឆ្នាំ២០២១ ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការWWF កត់ត្រាទុកកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅថ្មីៗនេះ នៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ។

នៅក្នុងឆ្នាំ២០២០ ក្រុមអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកសត្វផ្សោតកើតថ្មីសរុបចំនួន៩ក្បាល។ ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ប្រមាណថាចំនួនសត្វផ្សោតសរុបមានត្រឹមតែ៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ស្ថានភាពនេះចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ឲ្យជៀសផុតពីការឈានទៅផុតពូជ៕