អ្នក​តវ៉ា​​​លីបង់ ​ព្យាយាម​រាំង​ខ្ទប់​មិន​ឲ្យ​បោះ​ឆ្នោត​សម្តែង​​ការ​ទុក​​ចិត្ត

ក្រុង​បេរូត៖ ​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង​បេរូត​ បាន​ព្យាយាម​រារាំង​​មិន​ឲ្យ​​បោះ​ឆ្នោត​​សម្តែង​ការ​ទុក​ចិត្ត​នៅ​ក្នុង​សភា​កាល​ពី​ថ្ងៃ​អង្គារ​ ដល់​​រដ្ឋាភិបាល​ថ្មី​មួយ​ ដែល​ពួក​គេ​បាន​និយាយ​ថា​ បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ចំពោះ​ការ​ទាមទារ​ និង​មិន​អាច​ជួយ​សង្គ្រោះ​វិបត្តិ​សេដ្ឋកិច្ច​​នៅ​លីបង់​នោះ​។​

កងកម្លាំង​សន្តិសុខ​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​កាណុង​បាញ់​ទឹក​ ដើម្បី​បំបែក​ក្រុម​បាតុករ​ ដែល​បាន​គប់​ដុំ​ថ្ម​បំបែក​ជញ្ជាំង​នៅ​ជុំវិញ​សភា​នោះ​​។​

កាក​បាទ​ក្រហម​បាន​រាយការណ៍​ថា​ មនុស្ស ​២៤ ​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ និង ​១៤៧ ​នាក់​ផ្សេង​ទៀត​ បាន​ព្យាបាល​នៅ​កន្លែង​តវ៉ា​ ទោះបី​ជា​យោធា​បាន​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ក្តី​។​

នៅ​មុន​កិច្ច​ប្រជុំ​បាន​ចាប់​ផ្តើម​ ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ឡោម​ព័ទ្ធបាញ់​ថ្នាំ​ពណ៌​ទៅ​លើ​កញ្ចក់​រថយន្ត​​របស់​ក្រុម​សមាជិក​សភា​ ហើយ​បាន​គប់​ដប​ទឹក​ទៅ​លើ​ពួក​គេ​ក្នុង​ការ​ព្យាយាម ដើម្បី​បញ្ឈប់​ពួក​គេ​ មិន​ឲ្យ​ចូល​ទៅ​ក្នុង​សភា​ដើម្បី​បោះ​ឆ្នោត​។​

ក្រុម​បាតុករ​បាន​ដណ្តប់​ទង់ជាតិ​លីបង់​ និង​បាន​ស្រែក​ពាក្យ​ស្លោក​ថា ​«​យើង​គ្មាន​ការ​ជឿជាក់​នោះ​ទេ» ​ហើយ​ពួក​គេ​បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា​នៅ​មុន​​ពេល​ថ្ងៃ​រះ​​ នៅ​កន្លែង​ខុសៗ​គ្នា​នៅ​ជុំវិញ​រដ្ឋធានី​ ក្នុង​ការ​ព្យាយាម​ ដើម្បី​គេច​ពី​កន្លែង​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​​។​

សមាជិក​សភា​ខ្លះ​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​នៅ​ក្នុង​សភា​ ដើម្បី​ទប់​ស្កាត់​ក្រុម​អ្នក​តវ៉ា​ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​រារាំង​កិច្ច​ប្រជុំ​មួយ​ចំនួន​ ចាប់​តាំង​ពី​ពួក​គេ​បាន​ធ្វើ​យុទ្ធនាការ​កាល​ពី​ខែតុលា ​ឆ្នាំ ​២០១៩​។​

អ្នក​តវ៉ា​ម្នាក់ គឺ​អ្នកស្រី​ការូលី​និយាយ​ថា​៖ «​ខ្ញុំ​នៅ​ទីនេះ​​ គ្មាន​ទំនុក​ចិត្ត​​​​ទៅ​លើ​រដ្ឋាភិបាល​​ទេ​ ដោយសារ​វិធី​​ដែល​បង្កើត​ឡើង​មិន​ត្រូវ​​គេ​ទុក​ចិត្ត​»​៕

អត្ថបទ៖ https://www.postkhmer.com/