អ្នកស្រាវជ្រាវហុងកុងថា ចំនួនអ្នកឆ្លងវីរុសថ្មីមានលើស៤មឺុននាក់ហើយ
ប្រទេសចិន ៖ បណ្ដាអ្នកស្រាវជ្រាវក្រុងហុងកុងថ្លែងកាលពីថ្ងៃទី២៧មករាថា បណ្ដារដ្ឋាភិបាលត្រូវតែចាត់បណ្ដាវិធានការម៉ឺងម៉ាត់បំផុតដើម្បីរឹតត្បិត ការធ្វើដំណើររបស់ប្រជាជនប្រសិនបើចង់ទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសដែលមានប្រភពនៅក្រុងវូហាន។ តាមអ្នកស្រាវជ្រាវទាំងនេះថា បើគិតតាមគណិតសាស្ត្រចំនួនអ្នកឆ្លងអាចមានលើសពី៤០.០០០នាក់។

អ្នកវិទ្យាសាស្ត្រ សាកលវិទ្យាល័យហុងកុងទាំងនេះ ព្រមានពីការឆ្លងយ៉ាងលឿងនៃវីរុសកូរ៉ូណាថ្មី ដែលចំនួនអ្នកបាត់បង់ជីវិតតាមអាជ្ញាធរចិនថា ឡើងដល់លើស១០០នាក់គឺដល់១០៦នាក់ ហើយអ្នកឆ្លងថ្មីមានជិត១៣០០នាក់ ធ្វើឲ្យចំនួនអ្នកជំងឺអះអាងជាផ្លូវការឡើងដល់ជាង៤៥០០នាក់នៅចិន ក្នុងនោះមានកូនង៉ែតម្នាក់អាយុ៩ខែផង។ ក្នុងចំណោមអ្នកបាត់បង់ជីវិតនៅចិនទើបមានម្នាក់នៅក្រុងប៉េកាំង។
ការគំរាមកំហែងនៃការឆ្លងរិតតែមានខ្ពស់ ខណៈអភិបាលក្រុងវូហានថ្លែងកាលពីថ្ងៃទី២៦មករាថា មនុស្សដល់៥លាននាក់បានចាកចេញពីទីក្រុងមានប្រជាជន១១លាននាក់នោះ មុនបុណ្យចូលឆ្នាំចិន។ លោកទំលាយរឿងនេះពេលលោកសុំលាលែងចេញពីតំណែង។

ប្រទេសចិនបានសន្យាតស៊ូតតាំងប្រឆាំងការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី ដោយពន្យារពេលគ្មានកាលកំណត់ការចូលរៀនវិញ នៃបណ្ដាសាលារៀននិងបណ្ដាសាកលវិទ្យាល័យនិងគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់របស់ប្រទេស។ នេះជាការអះអាងកាលពីថៃ្ងទី២៨មករារបស់ក្រសួងអប់រំចិន។ ក្នុងសារាចរណែនាំមួយ ក្រសួងនោះរៀបរាប់ថា ខណៈសិស្សនិស្សិតបច្ចុប្បន្នកំពុងសម្រាកក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី កាលបរិច្ឆេទនៃការចូលរៀនវិញនឹងកំណត់ដោយអាជ្ញាធរ។

ប្រឈមមុខនឹងការឆ្លងរាលដាលខ្លាំងបែបនេះ ប្រទេសជាច្រើនបានចាត់បណ្ដាវិធានការប្រុងប្រយ័ត្ន នៅតាមព្រំដែនឬណែនាំឲ្យចៀសវាងការធ្វើ្វដំណើរទៅចិន។ អង្គការសុខភាពពិភពលោកWHOដែលយល់ថា ការគំរាមកំហែងមានខ្ពស់តែមិនមិនចេញការប្រកាសអាសន្នសុខាភិបាលអន្តរជាតិបានសុំទោស ហើយគូសបញ្ជាក់នាថ្ងៃទី២៧មករាថា ខ្លួនមិនបានដឹងនៅឡើយថា តើបណ្ដាមនុស្សដែលចម្លងមុនមានការចេញរោគសញ្ញានៃជំងឺ ពិតជាមានដូចការអះអាងរបស់អ្នកទទួលខុសត្រូវខាងសុខាភិបាលចិនមួយចំនួនឬយ៉ាងណា។ ក្នុងរបាយការណ៍មួយWHOរំឭកថា យើងយល់ហើយពេលដែលបណ្ដាអ្នកជំងឺអាចចម្លងវីរុស ដែលនោះជារឿងសំខាន់ដើម្បីត្រួតពិនិត្យ។

ប្រទេសម៉ុងហ្កោលីក្លាយជាប្រទេសដំបូងគេ ដែលបិទចំណុចឆ្លងកាត់ព្រំដែននៃផ្លូវថ្នល់នានាជាមួយចិន។ ទន្ទឹមនឹងនេះបណ្ដាមនុស្សដែលមានដើមកំណើតក្នុងខេត្តចិនហ៊ូបីដែលរងការប៉ះពាល់ខ្លាំងបំផុត ត្រូវបានហាមមិនឲ្យស្នាកអាស្រ័យនៅម៉ាឡេស៊ី។ ប្រទេសអាល្លឺម៉ង់និងសហរដ្ឋអាមេរិកបានណែនាំពលរដ្ឋចៀសវាងកុំទៅកាន់ចិន។ ប្រទេសជាច្រើនដូចជាអាមេរិក បារាំង ជប៉ុន ឬម៉ារ៉ុកត្រៀម ជម្លៀសជនជាតិពួកគេដែលមានវត្តមាននៅវូហាន។
បណ្ដាអ្នកជំនាញការខាងជំងឺឆ្លងដោយផ្អែកលើបណ្ដាទិន្នន័យដែលមាន វាយតម្លៃថា ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មីដែលលេចចេញនៅចិន គឺវីរុស2019-nCoVនឹងឆ្លងរាលដាលដល់មនុស្សច្រើនសិបពាន់នាក់ និងមានរយៈពេលច្រើនខែ។ មានសេណារីយ៉ូដែលការឆ្លងនោះនឹងបន្តដល់រដូវផ្ការីក និងអាចដល់រដូវក្ដៅ ហើយបន្ទាប់មកនឹងចុះថយវិញ។

លោកALESSANDRO VESPIGNANIសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ NORTHEASTERNអាមេរិក ដែលរួមសហការជាមួយក្រុមអ្នកស្រាវជ្រាវ ដែលចេញផ្សាយពេលវេលាពិតប្រាកដនៃការចម្លង បានថ្លែងប្រាប់AFPថា ការឆ្លងនឹងមិនបញ្ឈប់នាសប្ដាហ៍ខាងមុខឬនាខែខាងមុខឡើយ។
វីរុសនេះបច្ចុប្បន្នក្រៅពីចិនឆ្លងដល់ប្រទេស១៥ដោយអាល្លឺម៉ង់ទើបមានអ្នកឆ្លងម្នាក់ ក្លាយជាប្រទេសអឺរ៉ុបទី២ មានអ្នកឆ្លងបន្ទាប់ពីបារាំងដលមាន៥នាក់។ ប្រទេសថៃមានអ្នកឆ្លងច្រើនជាងគេឡើងដល់១៤នាក់៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/