ឥលូវនេះអាជ្ញាធរខេត្តព្រះសីហនុ បានចេញវិធានថ្មីចាប់ពីថ្ងៃទី២២ ខែមិថុនា លែងឲ្យមានលក់ដូរតាមរទេះរុញម៉ូតូ ឬឡាន នៅតាមដងផ្លូវព្រោះតែមូលហេតុ៦យ៉ាងដូចខាងក្រោម៖
ខេត្តព្រះសីហនុ ៖ អាជ្ញាធរក្រុងព្រះសីហនុបានចេញវិធានការថ្មីមួយទៀតដោយមិនអនុញ្ញាតឲ្យអ្នកលក់ដូររឺលក់សម្ភារៈប្រើប្រាស់ផ្សេងៗ និង ម្ហូបអាហារ បន្លែ ត្រីសាច់ ដែលដឹកតាមរទេះរុញ រឺ រ៉ម៉កម៉ូតូ ឡាន នៅតាមដងផ្លូវ និង នៅលើចិញ្ចើមផ្លូវ នៅលើទីតាំងសាធារណៈនានាក្នុងភូមិសាស្ត្រក្នុងក្រុងព្រះសីហនុទៀតលើយ ។ យោងតាមកិច្ចប្រជុំពិភាក្សារបស់សាលាក្រុងព្រះសីហនុជាមួយនិងក្រុមអាជីវករលក់ដូរនោះនៅ រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។


បើតាមខ្លឹមសារនៃអង្គប្រជុំនេះបានលើកឡើងថា អ្នកលក់ដូរទាំងអស់នោះ ដូចជារទេះរុញ ម៉ូតូរ៉ម៉កកង់បី និងឡានផ្សេងៗជាដើម បានធ្វើការចតលក់ដូរលើដងផ្លូវ និងលើចិញ្ចើមផ្លូវ តាមឆ្នេរ និងទីតាំងសាធារណៈផ្សេងៗជាដើម ដែលជាហេតុបង្កអោយមានការលំបាកជាច្រើនដូចជា ៖
១-ធ្វើឲ្យមានការកកស្ទះចរាចរណ៏ និងអាចបង្កអោយមានការគ្រោះថ្នាក់ចរាចរណ៏ជាយថាហេតុបាន
២-ធ្វើអោយគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ និងរបៀបរៀបរយរបស់សង្គមសង្គមផងដែរ
៣-ធ្វើអោយបាត់បង់សោភណ្ឌភាព និង បរិយាកាសល្អនៃទីក្រុង
៤-អ្នកលក់ដូរ មិនបានវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និង ទុកអោយមានរបៀបរៀបរយវាអាច ប៉ះពាល់បរិស្ថានជាដើម
៥-អ្នកលក់ដូរតាមរទេះរុញ ម៉ូតូរ៉ម៉កកង់បី និងឡានដឹកចុះឡើង ទាំងនេះ មិនមែនអ្នករស់នៅក្រុងព្រះសីហនុ ឬ ខេត្តព្រះសីហនុ នោះទេតែភាគច្រើនបំផុតគឺមកពីបណ្តាខេត្តផ្សេងៗផងដែរ
៦-អ្នកលក់ដូរតាមម៉ូតូរ៉ម៉កកង់បី និងឡាន ភាគច្រើន បានប្រាប់អោយដឹងថា ពួកគាត់ស្នាក់នៅក្នុងម៉ូតូកង់បី និងក្នុងឡាន របស់ខ្លួន រីឯអ្នកខ្លះ បាននិយាយថាគាត់ស្នាក់នៅក្នុងដីឡូតិ៍ដែលមិនមានមនុស្សរស់នៅ និងនៅតាមដីចិញ្ចើមផ្លូវ ដីអូរ ដីឆ្នេរ ដីសាធារណៈ និងដីម្ចាស់មិនបានមើលថែប្រាកដជាក្លាយជាមុខសញ្ញាសម្រាប់ពួកគាត់រំលោភសាងសង់កន្លែងស្នាក់នៅអចិន្ត្រៃយ៍មិនខាន ។

តាមប្រភពពត៏មានបានឲ្យដឹងបន្ថែមទៀតថា សាលាក្រុងព្រះសីហនុបានដាក់ចេញនូវវិធានការចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលសាលា ក្រុងនឹងមិនអនុញ្ញាតឲ្យមានរទេះរុញ ម៉ូតូ រ៉ម៉កកង់បី និងឡានផ្សេងៗ នៅតាមដងផ្លូវ និង នៅតាមចិញ្ចើមផ្លូវ ឆ្នេរ និងទីតាំងសាធារណៈ ចតលក់ដូរសម្ភារៈប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រីសាច់ នៅក្នុងក្រុងព្រះសីហនុទៀតនោះទេ ។ ករណីបើអាជីវករនៅតែមិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលសាលាក្រុងនឹងប្រើវិធានការរដ្ឋនិងចាត់វិធានការតាមផ្លូវច្បាប់ដោយចាប់ដកហូតឧបករណ៏មធ្យោបាយទាំងនោះយកមករក្សាទុកនៅសាលាក្រុង លើកទី១ រក្សាទុកចន្លោះ ១-២ សប្តាហ៍ ចាប់លើកទី២នឹងមិនប្រគល់ឲ្យវិញនោះទេ ។


យោងតាមសាលាក្រុងព្រះសីហនុក៏បានបញ្ជាក់ជូនបន្ថែមទៀតថា រដ្ឋបាលនៃសាលាក្រុងព្រះសីហនុមិនហាមឃាត់ចំពោះបងប្អូនដែលចង់ប្រកបអាជីវកម្មនោះទេ ឬ ក៏បងប្អូនណាដែលចង់ប្រកបមុខរបរនៅក្នុងក្រុងព្រះសីហនុ សូមរកទីតាំងច្បាស់លាស់ និងស្របច្បាប់ ដើម្បីប្រកបអាជីវកម្ម មិនអាចយកដងផ្លូវ រឺ ចិញ្ចើមផ្លូវ ឆ្នេរ និងទីសាធារណៈផ្សេងៗធ្វើជាកន្លែងប្រកបអាជីវកម្មផ្ទាល់ខ្លួននោះទេ៕
ដោយ : Bonny ប្រភព: ពីអាញ្ញាធរខេត្តព្រះសីហនុ