ឪពុកម្តាយគួរប្រុងប្រយ័ត្ន! ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែក កុមារ៉ាអាយុ ៣ឆ្នាំម្នាក់
ខេត្តតាកែវ ៖ នៅថ្ងៃអាទិត្យ ៥ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩៖៣០នាទី មានករណីអំពើលួចមួយកើឡើងនៅចំណុច ផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំតរពាំងសាប ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យឈ្មោះ យន ភួង ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលផ្សារអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពលួចកាត់ខ្សែកមួយខ្សែរ(ផ្លាទីន ០១ខ្សែ ទម្ងន់ ០៣ជី) ពីក្មេងប្រុសឈ្មោះ ជន ជេស្ឋដារារ័ត្ន អាយុ០២ឆ្នាំ ខណៈពេលដែលម្ដាយឈ្មោះ អ៊ឹម សុឈាង អាយុ ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដឹកដៃបណ្ដើរកូនទារលុយភាស៊ីនៅចំណុចផ្សារភូមិ-ឃុំកើតហេតុ តែត្រូវបានប្រជាពលរដ្ឋក្នុងផ្សារ ឃើញទាន់ស្រែកចោឡោ ទើបនាំដេញចាប់ជនសង្ស័យខាងលើ ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលប្រចាំការនៅផ្សារបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
