ឮសូរប្រាវ! អ្នកភូមិរត់ចេញទៅមើលឃើញឡានមួយគ្រឿងប៊ិះធ្លាក់ចូលស្ទឹង
ខេត្តបន្ទាយមានជ័យ ៖ រថយន្តយីឌុបមួយគ្រឿងមានដឹកដំឡូងមីស្ងួតសង្ស័យបើកបរក្នុងល្បឿនលឿនលុះមកដល់ផ្លូវកោង បណ្តាលឱ្យក្រឡាប់ផ្ងារជើងជាប់គុម្ពឫស្សីចាក់ដំឡូងមីចូលស្ទឹង ប៉ុន្តែសំណាងល្អរថយន្តមិនបានធ្លាក់ចូលស្ទឹង ហើយមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវកោងស្របមាត់ស្ទឹង ស្ថិតភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

រថយន្តធុនធំមួយគ្រឿងដែលដឹកដំឡូងមីខាងលើជាប្រភេទយីឌុប ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ ៣D-១៧៩០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែលាន់ឮសូរប្រាវ លុះចេញមកមើលឃើញរថយន្តយីឌុបមួយគ្រឿងខាងលើក្រឡាប់ផ្ងាជើងជាប់គុម្ពឫស្សីក្បែមាត់ស្ទឹង ហើយចាក់ដំឡូងមីចូលក្នុងស្ទឹង ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ។

តាមប្រភពដដែលបានបញ្ជាក់ថា មូលហេតុគ្រោះចរាចរណ៍ខាងលើកើតឡើងគឺដោយសាររថយន្តធុនធំមួយគ្រឿងនេះបើកបរក្នុងទិសដៅពីជើង ហើយជាផ្លូវកោងទៅទិសខាងកើតដោយសារបើកលឿនដល់ចំណុចផ្លូវកោងនោះ ទើបបណ្តាលរេចង្កូតក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងមិនធ្លាក់ចូលស្ទឹងទាំងកណ្តាលយប់ ដោយសាររថយន្តជាប់គុម្ពឫស្សី តែដំឡូងមីស្ងួតបានធ្លាក់ចូលស្ទឹងអស់ស្ទើងទាំងស្រុង។

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវកោងជាចំណុចកើតហេតុខាងលើ ពួកគាត់មានការព្រួយបារម្ភ ព្រោះគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅចំណុចផ្លូវកោងនោះ ដោយសារអ្នកបើកបររថយន្តបើកលឿន ហើយផ្លូវតូចស្របមាត់ស្ទឹងតភ្ជាប់ផ្លូវក្នុងឃុំបត់ត្រង់ទៅឃុំរហាត់ទឹក ផ្លូវតូចបែបនេះហើយមានផ្លូវកោងច្រើនដែលមិនឃើញ និងអាចប្រឈមគ្រោះថ្នាក់គ្រប់ពេលវេលា។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋសំណូមពរដល់អ្នកបើកបរដែលធ្វើដំណើរតាមផ្លូវស្របមាត់ស្ទឹងត្រូវបើកបរដោយប្រុងប្រយ័ត្ន ការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះផ្លូវនេះមានផ្លូវកោងច្រើន ដើម្បីការពារសុវត្ថិភាពអ្នករួមដំណើរនិងអ្នកដៃទែគឺបើកបរត្រូវគោរពច្បាប់ទាំងអស់គ្នាពេលធ្វើដំណើរលើផ្លូវតូចហើយផ្លូវកោងច្រើន ចៀសវាងកើតមានគ្រោះថ្នាក់ដូចករណីរថយន្តធុនធំដែលបើកលឿនបណ្តាលក្រឡាប់ផ្ងារជើងខាងលើ ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/