ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៣ នៃខែកុម្ភៈ កម្ពុជាទទួលបានភ្ញៀវជិត២០ម៉ឺននាក់

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសមានភ្ញៀវចេញដើរកម្សាន្តសរុបចំនួន១៩៩,០៦៧នាក់ ក្នុងនោះមានភ្ញៀវជាតិ១៨៨,០៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,៩៨៦នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៤៥,២១៦នាក់

* រាជធានីភ្នំពេញ ២៤,៨០៤នាក់

* ខេត្តពោធិ៍សាត់ ២៤,៧៤១នាក់

* ខេត្តបាត់ដំបង ២២,៨៤២នាក់

* ខេត្តសៀមរាប ១៦,៥៦៧នាក់

* ខេត្តកំពត ១៤,៧៤៦នាក់។

ឯកឧត្ដមបានបន្តថា ជាមួយការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ ជាក់ស្តែង តួលេខខាងលើមានការថយចុះ ៩.៤៤% ធៀបនឹងចុងសប្តាហ៍កន្លងមក។

ទោះបីមានការថមថយខ្លះ ប៉ុន្តែតួលេខខាងលើនៅមានកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពពេលដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទបញ្ចប់។

តាមការសង្កេតជាក់ស្តែងរបស់មន្ទីរទេសចរណ៍ ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមបណ្តាខេត្តមិនសូវមានចំនួនច្រើនដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។

ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ឲ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរកុំឲ្យមានកកកុញ ឬប្រមូលផ្តុំច្រើនពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online