ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ៥គ្រឿង​ ជូនដល់មន្ទីរពេទ្យ​ និងកាកបាទក្រហមកម្ពុជា…

រាជធានីភ្នំពេញ: ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ៥គ្រឿង​ ជូនដល់មន្ទីរពេទ្យ​ និងកាកបាទក្រហមកម្ពុជា
មន្ទីរពេទ្យកាល់ម៉ែត៖ ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ជូនមន្ទីរពេទ្យកាល់ម៉ែត ដោយមានការអញ្ជើញ ចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមន្ត្រី រាជការក្រោមឱវាទមន្ទីរពេទ្យផងដែរ។
ថ្លែងក្នុងពិធីប្រគល់-ទទួលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹក ប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់ កាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ម៉ាស៊ីននេះអាចផ្តល់អត្ថប្រយោជន៍សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ជួយឱ្យពួកគាត់អាចសន្សំសំចៃថវិកា បានមួយចំណែក និងបានបន្ថែមថា៖ ម៉ាស៊ីននេះក៏អាចយកទៅប្រើប្រាស់បាននៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពរបស់បណ្ដាភូមិ ឃុំ ស្រុកទាំងឡាយណាដែលខ្វះខាតទឹកប្រើប្រាស់បានផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពី​ ការប្រគល់ជូនម៉ាស៊ីននេះទៅឱ្យមន្ទីរពេទ្យគន្ធបុប្ផា ចំនួន០១គ្រឿង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈចំនួន០១គ្រឿង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន០១គ្រឿង និងកាកបាទក្រហមកម្ពុជាចំនួន០១គ្រឿង (រួមជាមួយនឹងរថយន្តចល័ត និងម៉ាស៊ីងភ្លើង មួយឈុតដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាច ជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់។
គួរកត់សម្គាល់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនាឱកាសនេះ គឺជាការបង្ហាញនូវ កាយវិការប្រកបដោយមនុស្សធម៌ ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពប្រសើរឡើងជាលំដាប់។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋដែលកំពុង សម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះជួយថែរក្សាម៉ាស៊ីននេះឱ្យបានគង់វង្ស ដើម្បីអាចប្រើប្រាស់បាន យូរអង្វែងទាំងអស់គ្នា៕

By : Bonny From: ក្រសួងសាធារណការ និងដឹកជញ្ជូន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online