ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើកិច្ចការសំខាន់ៗ បន្ថែម សម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយផ្តោតសំខាន់លើរបៀបវារៈសំខាន់ ដើម្បីបន្តសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ផ្តល់ខ្លឹមសារក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់លើការពិនិត្យរបាយការណ៍របស់ភូមិកីឡា ពិនិត្យកម្មវិធី ខ្លឹមសារសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិ ពិនិត្យរបាយការណ៍បូកសរុប ឆ្នាំ២០២១ និងលើកទិសដៅបន្ត២០២២-២០២៣ ព្រមទាំងត្រួវពិនិត្យលើការងារគ្រប់គ្រង ដឹកនាំ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយផងដែរ។ ចំពោះបទបង្ហាញលើការងារសាងសង់ភូមិកីឡារបស់ក្រុមហ៊ុនបានបញ្ជាក់ការដំណើរការសាងសង់ជាជំហានៗ ពីព្រោះភូមិកីឡនេះជាផ្នែកដ៏សំខាន់របស់កម្ពុជា ក្នុងការកាត់បន្ថយការចំណាយលើការស្នាក់នៅរបស់ក្រុមអត្តពលិក ប្រភិភូ គ្រូបង្វឹកនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក៏ដូចជាស្របតាមតាមគោលការណ៍ចលនាអូឡាំពិកផងដែរ។

ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ជូនថា សម្រាប់ដំណើរការសាងសង់ភូមិកីឡានេះត្រូវបានក្រុមហ៊ុនធានាអះអាង និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសម្រេចការងារឲ្យទាន់ពេលវេលា នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ នៃការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាខែឧសភា ឆ្នាំ២០២៣ ដោយបញ្ហានេះយើងបានស្រាយមួយជំហានហើយ។ ចំពោះការបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅដល់ជិតការប្រកួត ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣តែម្តង។ ក្នុងនោះ យើងនឹងពិនិត្យឡើងវិញលើផ្នែការងារណាដែលមានភាពយឺតយ៉ាវ គឺត្រូវពន្លឿន និងជំរុញឲ្យសកម្មភាពការងារនោះឲ្យបានល្អប្រសើរ ដើម្បីដើរឲ្យស្របគ្នា ពីព្រោះថា ឆ្នាំ២០២២នេះ គឺជាឆ្នាំប្រតិបត្តិការស៊ីហ្គេម ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។ «ដូច្នេះឆ្នាំប្រតិបត្តិការណ៍ស៊ីហ្គេមនេះ គ្រប់គណៈកម្មការជំនាញទាំងអស់បានត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ នៅឡើយតែការអនុវត្តសកម្មភាពការងារប៉ុណ្ណោះ»។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា សន្និបាត CAMSOC ដែលគ្រោងនឹងធ្វើឡើងនាសប្តាហ៍ទី២នៃខែកុម្ភៈ ឆ្នាំ២០២២នឹងបូកបន្ថែមផងដែរនូវការរៀបចំធ្វើសិក្ខាសាលាថ្នាក់ជាតិ ស្តីពីអភិបាលកិច្ចល្អ ដោយនឹងមានការចូលរួមពីអភិបាលរាជធានី-ខេត្តទាំងអស់ ដែលជាអនុប្រធាន CAMSOC ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់។

«ការរៀបចំហ្គេម១ គឺត្រូវតែឆន្ទៈរៀបចំឲ្យមានភាពត្រឹមត្រូវ តម្លាភាព សុច្ចរិតភាព គណនេយ្យភាព នៅក្នុងការងាររៀបចំ ដើម្បីគោលដៅកុំឲ្យខ្ជះខ្ជាយទាំងស្មារតី កម្លាំងពលកម្ម សម្ភារ និងការសន្សំសំចៃថវិកាជាតិជាដើម។ «អ្វីដែលសំខាន់ នៅក្នុងសន្និបាត នាខែក្រោយនេះ គឺដោះស្រាយលើបញ្ហាប្រឈមទាំងឡាយឲ្យអស់ ដើម្បីជំរុញឲ្យគ្រប់គណៈកម្មការជំនាញនានាបន្តសកម្មភាពការងារប្រកបដោយទំនុកចិត្ត ដើម្បីជំរុញឲ្យដំណើរការឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការរប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ»។ នេះការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online