ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ស្នើដល់ក្រសួងសាធារណការ ទទួលយកគម្រោងដែលសាងសង់ផ្លូវតាមស្តង់ដា

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្អាក់ដំណើរការការងារសំខាន់ៗខ្លះរបស់យើង ពិសេសបានធ្វើឱ្យគម្រោងសំខាន់ៗមួយចំនួន នៅមិនទាន់អាចសម្រេចបានតាមការគ្រោងទុក ក្នុងន័យនេះ, សូមក្រសួងសាធារណការ និងដឹកជញ្ជូន ខិតខំដោះស្រាយបញ្ហាប្រឈម និងពនឿនការងារមួយចំនួនទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យចប់សព្វគ្រប់ និងទាន់ពេល ផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើចំណុចសំខាន់ៗមួយចំនួន។

សម្រាប់ទិដៅ, សូមសាធារណការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវផែនការសកម្មភាពនៃវិស័យដឹកជញ្ជូន និង ឡូជីស្ទីក ដែលស្ថិតក្នុងសសរស្តម្ភទី ២ នៃក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ដែលក្នុងនោះរួមមាន៖ សហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់នូវផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីកកម្ពុជា; ជំរុញការសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន សំដៅសម្រួលពាណិជ្ជកម្ម និងទេសចរឆ្លងកាត់ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកថៃ, ប៉ោយប៉ែត-អារញ្ញប្រាថេត, ស្ទឹងបត់-បានណងអៀង និង ព្រៃវល្លឺ-ចិញហៀប និងបណ្តាផ្លូវសំខាន់ៗឱ្យចប់សព្វគ្រប់។

ក្រៅពីគោលការខាងលើ បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការសាងសង់មានជាអាទិ៍៖ គម្រោងផ្លូវក្រវាត់ក្រុងទី ៣, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-ធ្លាម្អម) និង (ធ្លាម្អម-បាត់ដំបង), គម្រោងផ្លូវជាតិលេខ១០, គម្រោងផ្លូវជាតិលេខ ២ និង លេខ ២២, គម្រោងកំណាត់ផ្លូវជាតិលេខ ៧ (ត្បូងឃ្មុំ-ក្រចេះ) និងបណ្តាផ្លូវជាតិសំខាន់ៗផ្សេងទៀត ដោយក្នុងនោះក្រសួងបន្តផ្តោតការយកចិត្តទុកដាក់លើគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ ដោយត្រូវទទួលយកតែគម្រោងណាដែលបានសាងសង់ត្រឹមត្រូវតាមស្តង់ដា និងស្របតាមលក្ខណៈបច្ចេកទេស ។

ជុំវិញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងឲ្យដឹងថា ចំពោះគម្រោងសាងសង់បណ្តាញផ្លូវជាតិសំខាន់ៗដែលកំពុងដំណើរការសាងសង់ ក្នុងនោះគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៨០% ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះបានចុះកិច្ចព្រមព្រៀងក្របខណ្ឌរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន China Railway International Group ដើម្បីសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងកំពុងស្ថិតក្នុងដំណាក់កាលសិក្សាជាច្រើនទៀត។ ចំណែកគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសជប៉ុន ក្នុងនោះគម្រោងសាងសង់ពង្រីកផ្លូវជា ០៤គន្លង លើកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) សម្រេចបាន ៦៤%, គម្រោងសាងសង់ពង្រីកផ្លូវជា ០៤គន្លង លើកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង) សម្រេចបាន ៥៦%, គម្រោងសាងសង់ពង្រីកផ្លូវជា ០៤គន្លង លើកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត)ជាដើម។ ក្រៅពីគម្រោងខាងលើ, កម្ពុជាទទួលបានគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងត្បូង, គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារពិភពលោក (WB), គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសថៃជាដើម ក្រៅពីនេះ កម្ពុជាបានត្រៀមសម្ពោធបើកការដ្ឋានសាងសង់គម្រោងផ្សេងៗទៀត ក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិនជប៉ុន និងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដើម៕