ឯកឧត្តម កែវ រ៉េមី៖ កីឡាករ កីឡាការិនីតេក្វាន់ដូ ITF ត្រូវប្តេជ្ញាចិត្តឲ្យខ្ពស់បំផុត ដើម្បីប្រជែងមេដាយមាស ១៥គ្រឿង ក្នុងស៊ីហ្គេម ២០២៣

CAMSOC-ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ាន និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា មានប្រសាសន៍ថា កីឡាករ កីឡាការិនី ត្រូវមាននការប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិ CAMSOC ដោយដាក់សន្ទស្សន៍មេដាយមាសឲ្យបាន ១៥គ្រឿង នៅក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នៅក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី បន្ថែមទៀតថា នៅក្នុងពេលទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជានេះ ប្រភេទកីឡាតេក្វាន់ដូ ITF នេះ នឹងត្រូវរៀបចំដាក់ឲ្យប្រកួតមុនគេ ដើម្បីបើកការនាំមុខលើការដណ្តើមមេដាយមាស។

ដូច្នេះហើយ ដើម្បីឲ្យស័ក្តិសមនឹងកិត្តិយស ដែលផ្តល់ជូនដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ទនោះ គឺឯកឧត្តមប្រធានបានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ត្រូវតែខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបំផុត ជាមួយនិងការប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ដើម្បីឆ្ពោះទៅស្វែងរកមេដាយមាសឲ្យបាន ១៥គ្រឿង ជូនប្រទេសជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងកីឡាករ កីឡាការិនី ដែលខិតខំលះបង់ពេលវេលា ស្មារតី កម្លាំងកាយចិត្ត ដើម្បីពង្រឹងការអភិវឌ្ឍកីឡាជំនាញមួយនេះ ឲ្យកាន់តែរីកចម្រើនជាលំដាប់ និងមានសក្តានុពលក្នុងការប្រជែងមេដាយកម្រិតពិភពលោក យកមកជូនជាតិជាបន្តបន្ទាប់។

ឯកឧត្តមអគ្គនាយកកីឡា គូសបញ្ជាក់ថា វិស័យកីឡាកំពុងត្រូវបានអភិវឌ្ឍកាន់តែរីកចម្រើន ដូចគ្នានិងវិស័យនានាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កំពុងរៀបចំខ្លួនក្នុងដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់ និងជឿជាក់ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ CAMSOC បានចាត់ទុកថា កីឡាតេក្វាន់ដូ ITF គឺជាប្រភេទកីឡាដ៏មានសក្តានុពលមួយ នៅក្នុងចំណោមប្រភេទកីឡាសក្តានុពលជាច្រើនទៀត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកការសរសើរតេក្វាន់ដូ ITF កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ជាប្រភេទកីឡាដ៏ខ្លាំងក្លាមួយ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ ក៏បានជំរុញឲ្យកីឡាករ កីឡាការិនី ត្រូវប្រឹងប្រែងហាត់ហ្វឹកហ្វឺន និងឆន្ទៈមោះមុត ដើម្បីជំរុញគុណផលកីឡារបស់ខ្លួនឲ្យកានតែខ្ពស់ ត្រៀមឆ្ពោះទៅសម្រេចក្តីស្រមៃរបស់យើង ដែលចង់ក្លាយជាជើងឯក។

ចំពោះលទ្ធផលជ័យលាភីនៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយសរុប ១២គ្រឿង មាស៦ ប្រាក់២ និងសំរឹទ្ធ៤។ លេខ២ ក្រសួងមហាផ្ទៃមេដាយសរុប១១គ្រឿង មាស៥ ប្រាក់៦ ខណៈលេខ៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ មេដាយសរុប៦គ្រឿង មានមាស ៣ ប្រាក់២ និងសំរឹទ្ធ១។

សូមបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំ២០២១ ដំណើរការរយៈពេល៣ថ្ងៃពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២២ ដោយមានកីឡាករ កីឡាការិនី សរុបចំនួន ១៣២នាក់ ក្នុងនោះកីឡាករ ៨៦នាក់ និងកីឡាការិនី ៤៦នាក់ មកពី១៨ក្លិប ៦រាជធានី-ខេត្ត និង២ក្រសួង។ ចំពោះវិញ្ញាសាមានចំនួន២៣ ដោយបែងចែកជា៣វិញ្ញាសាធំៗ រួមមានវិញ្ញាសាមេគុន ចំនួន៧ វិញ្ញាសា បច្ចេកទេសពិសេស ១វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធឯកត្តជន មាន១៥ប្រភេទទម្ងន់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online