ឯកឧត្តម គួច ចំរើន ចុះពិនិត្យប្រព័ន្ធប្រព្រឹត្តកម្មប្រព្រឹត្តិកម្មទឹកស្អាត នៅតំបន់ក្បាលឆាយ និងខិតខំតបណ្ដាញភ្ជាប់ឱ្យបាន ទូលំទូលាយ ទៅតាម ក្រុងស្រុក កំពុងមានការអភិវឌ្ឍនថ្មីៗ

នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន ចុះពិនិត្យប្រព័ន្ធប្រព្រឹត្តកម្មប្រព្រឹត្តិកម្មទឹកស្អាត របស់ក្រុមហ៊ុនអាន កូ មានទីតាំងនៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមអមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុនទឹកស្អាតអានកូផងដែរ។

លោកឧកញ៉ា កុក អានអគ្គនាយកក្រុមហ៊ុនទឹកស្អាតអានកូ បានឱ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុន មានស្ថានីយ៍ប្រព្រឹត្តិកម្មទឹកស្អាត ចំនួន ៣កន្លែង ដោយមានសមត្ថភាពផលិតទឹកក្នុងមួយថ្ងៃ បានចំនួន១៦ម៉ឺនម៉ែត្រគីប ក្នុងនោះទំនប់ទី១ អាចផលិតបាន ៤ម៉ឺនម៉ែត្រគីបទំនប់ទី ២ ផលិតបាន៦ម៉ឺនម៉ែត្រគីបនិងទំនប់ទី ៣ មានសមត្ថភាពផលិតចំនួន ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ សម្រាប់ចែកចាយប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្ន ក្រុមហ៊ុនបានអូសបណ្ដាញតភ្ជាប់ ជូនប្រជាពលរដ្ឋ រោងចក្រសហគ្រាសប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ មួយផ្នែកនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដែលអាចប្រើប្រាស់ទឹកក្នុងរង្វង់ ពី៦ម៉ឺនទៅ ៧ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។

ហើយចំពោះមុខទិសដៅបន្ត ក្រុមហ៊ុននឹងខិតខំតបណ្ដាញភ្ជាប់ឱ្យបានច្រើនទូលំទូលាយ ទៅតាមបណ្ដាក្រុងស្រុក រោងចក្រសហគ្រាស ដែលកំពុងមានការអភិវឌ្ឍនថ្មីៗ ដើម្បីឱ្យស្របទៅនឹងកំណើននៃការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត បានណែនាំឱ្យ ក្រុមហ៊ុនធ្វើការពង្រីកខ្នងទំនប់បន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងបន្តពង្រីក ការគ្រប់គ្រងទឹកឱ្យបានកាន់តែច្រើន ខណៈពេលដែលខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងទៅអនាគត កំពុងមានការអភិវឌ្ឍន៍តាមរយៈអ្នកវិនិយោគទុនទាំងជាតិ និងអន្តរជាតិមកបណ្ដាក់ទុន។

 

ឯកឧត្តម គួច ចំរើន បានលើកឡើងនូវពីរចំនុចសំខាន់ៗ ទី១ គឺការថែរក្សា និងអភិរក្សនូវផ្ទៃរងទឹកភ្លៀងនៅក្នុងតំបន់ក្បាលឆាយ ដោយក្នុងនោះស្នើសុំមន្ទីរបរិស្ថាន ខេត្ត ផ្តល់ផែនទីជូនក្រុមហ៊ុនអានកូ ដើម្បីសហការគ្នាក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ និងព្រៃឈើឱ្យបានគង់វង្ស ឱ្យមានការកាប់ទន្ទ្រាន ក៏ដូចជាការលោកលួចសង់លំនៅដ្ឋាន ធ្វើកសិកម្ម ដែលបង្កឱ្យខូចគុណភាពទឹក និងប៉ះពាល់បរិស្ថានតាមរយៈការប្រើប្រាស់សារជាតិគីមីផ្សេងៗ។ ទី២ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ដែលមានចក្ខុវិស័យ វែងឆ្ងាយ អំពីរៀបចំឱ្យខេត្តរបស់យើងក្លាយជា តំបន់ឧស្សាហកម្មធុនធ្ងន់ ទំនើប និងវិទ្យាសាស្ត្រ ដែលរាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បីតម្រង់ទិសនៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នាពេលអនាគត ជាពិសេសផ្លូវ ទឹក និងភ្លើងត្រូវដើរស្របគ្នាទៅនឹងគោលដៅនៃការអភិវឌ្ឍន៍ ដើម្បីប្រសិទ្ធភាព នៃរៀបចំផែនការ នៃការផ្គត់ផ្គង់ស្របតាមតម្រូវការនៃការប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងទៅអនាគត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ