ឯកឧត្តម ជា ច័ន្ទបរិបូរណ៍៖ បើ E-Sports មិនឡើង នៅស៊ីហ្គេមវៀតណាម អាចពិចារណាគ្នាថាតើគួររៀបចំ E-Sports ក្នុងស៊ីហ្គេម ២០២៣ ឬអត់
CAMSOC-ភ្នំពេញ៖ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) លើកឡើងថា «ប្រសិនបើប្រភេទកីឡាអេឡិចត្រូនិចមិនរីកចម្រើនទាល់តែសោះ ក្នុងស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ទេ នោះយើងនឹងប្រជុំពិចារណាជាមួយគ្នា ថាតើគួររៀបចំធ្វើកីឡាអេឡិចត្រូនិក ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឬអត់?»។ នេះជាការបង្ហាញនូវការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម នៅក្នុងឱកាសសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។
ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបញ្ជាក់ទៀតថា «សម្រាប់ការត្រៀមស៊ីហ្គេម ឆ្នាំ២០២២នេះ ខ្ញុំមិនចង់និយាយអំពីថាតើប្រភេទកីឡាអេឡិចត្រូនិកកម្ពុជា មានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងមេដាយកម្រិតណានោះទេ ប៉ុន្តែខ្ញុំចង់ឃើញពីក្រាហ្វិចកើនឡើងពីចន្លោះស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ និងការចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ថាតើកម្រិតប្រកួតប្រជែងអាចឈានឡើងបន្ថែម ឬធ្លាក់ចុះ ឬអាចរក្សានៅកម្រិតដដែល។ ប្រសិនបើមិនរីកចម្រើនទាល់តែសោះ ឬរក្សាកម្រិតដដែល ខ្ញុំនឹងពិចារណាជាមួយគ្នាថាតើគួររៀបចំ E-Sports នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឬអត់។ ទោះបីយើងរៀបចំក៏អត់មានន័យអ្វីដែរ»។
ឯកឧត្តម ជា ច័ន្ទបរិបូណ៍ បន្ថែមថា អ្វីដែលសំខាន់ក្នុងគោលដៅចំពោះមុខនេះ គឺយើងត្រូវមានមហិច្ឆតារួមគ្នា ដោយសហព័ន្ធមានគោលការណ៍ច្បាស់លាស់ ការលើកទឹកចិត្ត ជាពិសេសគឺកីឡាករត្រូវតែមានមហិច្ឆតាដូចគ្នា ក្នុងការសម្រួចឆន្ទៈប្រកួតដណ្តើមមេដាយយកមកជូនជាតិដូចគ្នា។ ដូច្នេះសហព័ន្ធ និងកីឡាករ ត្រូវខិតខំរួមគ្នា ដើម្បីឈានដល់លទ្ធផលដ៏គាប់ប្រសើរណាមួយ សម្រាប់ជាតិ។ «វាដូចជាគោមួយនឹម ឬទូកមួយ អាចទៅមុខបាន អាស្រ័យដោយមានការប្រឹងប្រែង ឬអ្នកអុំទូកត្រូវរួមកម្លាំងសាមគ្គីគ្នា»។
ជាមួយគ្នានោះ ឯកឧត្តមប្រធានសហព័ន្ធ ក៏បានលើកទឹកចិត្តជូនដល់កីឡាករទាំងអស់ថា គប្បីត្រូវប្រឹងប្រែងឲ្យខ្លាំងក្លា ពីព្រោះម្ចាស់មេដាយដែលដណ្តើមពីការប្រកួតពិភពលោក ឬស៊ីហ្គេម នឹងទទួលបានការលើកទឹកចិត្តពិសេសពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ការខិតខំអស់ពីសមត្ថភាព គឺជាមោទនភាពរបស់យើងទាំងអស់គ្នា។
គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំសន្និសីទសារព័ត៌មាននេះ គឺសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសក្រុមជម្រើសជាតិកម្ពុជា សម្រាប់វិញ្ញាសា Mobile Legends និង PUBG Mobile ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការចុះឈ្មោះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ចំពោះក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងមានគណៈប្រតិភូ គ្រូបង្វឹក និងពិធីករ (Caster) ត្រឹមត្រូវមួយចំនួន។ ជាពិសេសទៀតនោះ ជាការអភិវឌ្ឍបង្កើនសមត្ថភាព បំផុសបំផុល និងជំរុញកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីឲ្យរីកចម្រើនឈានឡើងលំដាប់អន្តរជាតិ សម្រាប់ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ កីឡាករអេឡិចត្រូនិកកម្ពុជា២ក្រុម ជាប់ឈ្មោះទៅស៊ីហ្គេមរួចហើយ បន្ទាប់ពីជាប់វគ្គជម្រុះក្នុងចំណោមកំពូលទាំង៨។ សម្រាប់ PUBGM គឺក្រុម APG Esports និង Orange Esports ដែលជាក្រុម២ដំបូងគេ ជាប់ទៅដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម ក្រោយឆ្លងកាត់ការប្រកួតព្រឹត្តិការណ៍មុនស៊ីហ្គេម (Pre-SEAGAMES) នៅដើមឆ្នាំនេះ៕