ឯកឧត្តម តែ ឡូរិន លើកទឹកចិត្តដល់កីឡាករគុនដាវ ឲ្យប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយ ដើម្បីប្រជែងមេដាយមាស នាស៊ីហ្គេម ២០២៣

CAMSOC-ភ្នំពេញ៖ ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធគុនដាវកម្ពុជា បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគុនដាវកម្ពុជាត្រូវមានការប្តេជ្ញាចិត្តឲ្យបានខ្ពស់ ដើម្បីដណ្ដើមយកមេដាយមាសឲ្យបានជាអតិបរមា ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្តមប្រធានសហព័ន្ធគុនដាវ នៅក្នុងពិធីបិទការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋាន វេស្ទឺន រាជធានីភ្នំពេញ។

ឯកឧត្តម តែ ឡូរិន មានប្រសាសន៍ថា «ខ្ញុំសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់លើការហ្វឹកហាត់ឲ្យបានខ្លាំងក្លា អស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចឱ្យបានជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ ដ៏ដូចជាការប្រកួតផ្សេងៗទៀតផងដែរ»។

ជាមួយគ្នានោះ ប្រធានសហព័ន្ធគុនដាវកម្ពុជា បានចាត់ទុកថា កិច្ចសហការគាំទ្ររបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់កិច្ចសហការគាំទ្រដ៏កក់ក្ដៅ ដល់ដំណើរការសហព័ន្ធកីឡាគុនដាវកម្ពុជា ដែលបាននិងកំពុងជំរុញដល់ដំណើរការអភិវឌ្ឍវិស័យកីឡាគុនដាវកម្ពុជា ឲ្យមានសកម្មភាពជាបន្តបន្ទាប់ ដូចជាការប្រកួតជើងឯកថ្នាក់ជាតិ នាពេលនេះ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិនាពេលខាងមុខផងដែរ។

ឯកឧត្តម តែ ឡូរិន បញ្ជាក់ដែរថា យោងតាមរបាយការណ៍លទ្ធផលនៃការប្រកួតរបស់លោក ឃុត សៀង ប្រធានបច្ចេកទេស ឯកឧត្តមបានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរដល់កីឡាករ-កីឡាការិនីជ័យលាភី ហើយក៏សម្តែងការកោតសរសើរចំពោះកីឡាករ កីឡការិនីទាំងអស់ ដែលខិតខំអស់សមត្ថភាពក្នុងការប្រកួត។ នៅក្នុងការប្រកួត ពិតណាស់យើងចង់បានជ័យជម្នះ ប៉ុន្តែលទ្ធផលនៃការប្រកួតក៏សំខាន់ផងដែរ ព្រោះថាវាជាការវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនីរៀងៗខ្លួនផង ក៏ដូចជាការបំបែកឯកត្តទកម្មផ្ទាល់ខ្លួនផងដែរ។

គួរបញ្ជាក់ដែរថា ការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ ទទួលបានការអញ្ជើញផ្តល់កិត្តិយសចូលរួមផ្តល់ការលើកទឹកចិត្ត និងបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី រួមមាន៖ លោក ធិន វិចិត្រ អនុប្រធានទទួលបន្ទុករួមមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា, លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា, លោក កាំង សុធា អនុប្រធានរដ្ឋបាល នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ចំពោះលទ្ធផលជ័យលាភីរួមមាន៖ វិញ្ញាសាឯកត្តជនដាវកាប់ ១.សន និច ២.ឆាយ លីនលី និងលេខ៣-លេខ៣ស្ទួន ជន ចំរ៉ុង ជន ចំរើន។ វិញ្ញាសាឯកត្តជនដាវធំ ១.សាវឿន សក័នុ ២.រ៉ា ណាថាន់ និងលេខ៣-លេខស្ទួន ថុង តាំងជីង និងង៉ វីសា។ វិញ្ញាសាឯកត្ដជនដាវតូច ១.ខឿ ទីម៉ា ២. ភារក្ស ភារិន និងលេខ៣-លេខស្ទួន មាស គឹមឡេង និងយី លីហ្សា៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online