ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់ សហរដ្ឋអាមេរិកដែលបានប្រារព្វទ្បើងនៅ…

កាលពីថ្ងៃពុធ ទី ០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់ សហរដ្ឋអាមេរិកដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ LeRoyal រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏ វិសេសវិសាលនេះ ក្នុង​នាម​ប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានសំដែង​នូវ​ការ​អបអរសាទរ និងការជូនពរ​ដ៏កក់​ក្តៅ​បំផុតដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ជាពិសេស ទិវានេះពិតជាឱកាសដ៏វិសេសវិសាលមួយដោយហេតុថាការប្រារព្ធខួបលើកទី ២៤៤ នៃទិវាបុណ្យ​ឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះក៏ជាការ​ប្រារឰ​ខួបលើកទី ៧០ នៃការបង្កើតទំនាក់​ទំនង​ការ​ទូតរវាងព្រះរាជាណាចក្រកម្ពុជានិង សហរដ្ឋអាមេរិក ផងដែរ។ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទ្បើងអំពីវឌ្ឍនភាព នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈលទ្ធផលជាផ្លែផ្កា រាប់បញ្ចូលទាំងការបង្កើន​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជំនួយបោសសំអាតមីន ក៏ដូចជា​កម្មវិធីរវាង ប្រជាជននិងប្រជាជន ជាដើម។ តួយ៉ាង ថ្មីៗនេះ ការសុំចូលចតរបស់នាវាទេសចរណ៍Westerdam នៅកំពង់ផែសមុទ្រក្រុង​ព្រះសីហនុ​ពិតជា​ផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជនយើងទាំងពីរ។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីការដាក់ចេញនូវប្រធានបទចំនួន១២ ផ្សេងគ្នា នៃវិភាគ​ទាន​របស់​សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដែលធ្វើទ្បើងក្នុងពេលប្រារព្ធខួបលើកទី ៧០ ជាផ្លូវការ​នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់សុខុន និង ឯកឧត្តមឯកអគ្គរដ្ឋទូតMurphy ។ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតMurphy និងអង្គពិធី អំពីសមិទ្ធិផលជាទី​ពេញចិត្ត ដែលប្រទេសទាំងពីរបានសហការគ្នាធ្វើនាពេលថ្មីៗនេះ ដូចខាងក្រោម ៖- ការភ្ជាប់ចំណងរវាងប្រទេសយើងទាំងពីរដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការ​ជំរុញកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ផ្អែកលើការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកនិង​ការគោរព​គ្នា ក៏​ដូចជា​​បន្តពង្រឹងថែម​ទៀតនូវ​ទំនាក់​ទំនងប្រទេសទាំងពីរ។- កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ដែលមានគោលបំណងពង្រឹង និង​បង្កើន​ដំណើរផ្លាស់ប្តូរទស្សនកិច្ច នៃសមាជិកសមាជិកាសភានិងបុគ្គលិកសភាអាមេរិក និងមន្ត្រី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្សេងទៀតមកកម្ពុជាសំដៅឲ្យយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ និង​សង្គម នៃប្រទេស​កម្ពុជា។- ពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំពាណិជ្ជកម្មសរុបបានកើនឡើងក្នុង៣៧% ក្នុងឆ្នាំ ២០១៩ បើប្រៀប​ធៀប​ទៅនឹងឆ្នាំ២០១៨ ដែលមានតម្លៃប្រមាណពីជាង ៤ ពាន់លានដុល្លារអាមេរិកដល់ ៥,៨ ពាន់លានដុល្លារអាមេរិក។- ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារ USAID នៅ​ឆ្នាំ​២០១៩ដែលមានទឹកប្រាក់សរុបចំនួន ៥៦ លានដុល្លារអាមេរិក សម្រាប់គាំទ្រវិស័យ​សុខាភិបាល ការអប់រំ កសិកម្ម និងបរិស្ថាន។តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលគិតជាទឹកប្រាក់ចំនួន ១១ លានដុល្លារ​​សហអាមេរិក ក្នុងការជួយកម្ពុជាដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសុខភាព​របស់ប្រជាជនកម្ពុជា ៕

By : Bonny ប្រភពពី : ក្រសួងពាណិជ្ជកម្ម Ministry of Commerce

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online