ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព និងសន្និសីទអន្តរជាតិស្តីពីភាពអត់ឱននិងសន្តិភាព

(ភ្នំពេញ) ៖ នាថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP) នៅទីក្រុងអាប៊ូដាប៊ី និងឌូប៊ៃ នៃប្រទេសអារ៉ាប់រួម ក្រោមអធិបតីភាពរបស់ ឯកឧត្តម Saqr Ghubash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធអារ៉ាប់រួម និងសន្និសីទអន្តរជាតិស្តីពីភាពអត់ឱននិងសន្តិភាព (International Tolerance and Coexistence Conference – ITCC) ក្រោមអធិបតីភាពរបស់អ្នកអង្គម្ចាស់ Sheikh Nahyan bin Mubarak Al Nahyan រដ្ឋមន្ត្រីក្រសួងភាពអត់ឱននិងការរួមរស់នៃប្រទេសអារ៉ាប់រួម ដោយមានការចូលរួមពីសមាជិកសភាមកពីជាង៨០ប្រទេស មកពីទ្វីបអាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ព្រមទាំងតំណាងអង្គការជាតិនិងអន្តរជាតិនានា ដើម្បីលើកកម្ពស់នូវគុណតម្លៃនៃភាពអត់ឱន សន្តិភាព និងការរួមរស់ជាមួយគ្នានៅក្នុងតំបន់ និងពិភពលោក។

នៅក្នុងសម័យប្រជុំពេញអង្គនោះ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងនូវចំណុចសំខាន់ៗ ដើម្បីសម្រេចបានសន្តិភាព ប្រកបដោយចីរភាពរួមមាន៖ ១-កិច្ចសហប្រតិបត្តិការពហុភាគី ២-ការអភិវឌ្ឍយុវជន ៣-ភាពជាដៃគូរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ៤-ការគោរពចំពោះទស្សនៈនិងជំនឿខុសៗគ្នា និង ៥-ការជំរុញការសិក្សាស្រាវជ្រាវ និងសហប្រតិបត្តិការរវាងធនាគារខួរក្បាល។ ជាមួយគ្នានេះ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់លើទស្សនៈរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា «សង្រ្គាមមិនអាចបញ្ចប់បានដោយសង្គ្រាមនោះទេ តែសង្គ្រាមអាចបញ្ចប់បានដោយការចរចារ និងការសន្ទនា ដោយគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាពជាតិ ឯករាជ្យភាពជាតិ និងបូរណភាពទឹកដី»។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋសភាកម្ពុជាដែលតំណាងដោយ ឯកឧត្តម សួស យ៉ារ៉ា ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសភាអន្តរជាតិ IPTP និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ahmed bin Mohammed Al Jarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (Global Council for Tolerance and Peace) ដែលជាស្ថាប័នកំពូលនៃសភាអន្តរជាតិ IPTP ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកនិងបណ្តាស្ថាប័ននានា លើការជម្រុញភាពអត់ឱននិងសន្តិភាព ការទប់ស្កាត់សង្គ្រាម ការដោះស្រាយជម្លោះ និងការស្ថាបនានិងស្តារប្រទេសឡើងវិញក្រោយសង្គ្រាម។

កិច្ចប្រជុំបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្ត ដើម្បីលើកកម្ពស់ភាពអត់ឱន និងសន្តិភាព នៅក្នុងតំបន់ និងសកលលោក៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online