ឯកឧត្តម ស៊ុន ចាន់ថុល ចូលរួមពិភាក្សាការងារជាមួយប្រតិភូរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៏សេដ្ឋកិច្ច(EDCF)

រាជធានីភ្នំពេញ : ជំនួបពិភាក្សាការងារជាមួយប្រតិភូរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៏សេដ្ឋកិច្ច(EDCF) នៃសាធារណរដ្ឋកូរ៉េនៅកម្ពុជាកាលពីថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី Lee Hye Kyung នាយិកាមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៏សេដ្ឋកិច្ច(EDCF) នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងចូលរួមដោយលោក Jeon Jong-IL​ នាយករងមូលនិធិ និងលោក Bun Channa​ អ្នកសម្របសម្រួលគំរោង របស់​ EDCF និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង។ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីភាពចាំបាច់នៅក្នុងបង្កើតផែនការមេសម្រាប់ការសាងសង់នូវប្រព័ន្ធ ចម្រោះទឹកកខ្វក់​នៅទូទាំងប្រទេស ក្នុងនោះបានផ្តោតការចាប់អារម្មណ៍ទៅលើគម្រោងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាខ្មៅ និងសៀមរាប ដោយសារទីក្រុងទាំងពីរនេះមានការអភិវឌ្ឍខ្លាំងក្លា ប្រហាក់ប្រហែលនឹង រាជធានីភ្នំពេញដែរ។ ដោយសារស្ថានភាពសេដ្ឋកិច្ច និងសង្គមរីកចម្រើនខ្លាំងនៅទីក្រុងតាខ្មៅ ឯកឧត្តមទេស រដ្ឋមន្ត្រីបានស្នើឱ្យ EDCF ពិចារណាក្នុងការពង្រីកវិសាលភាពគម្រោង ដោយដាក់បញ្ចូលនូវទិដ្ឋភាពដទៃទៀត ដើម្បីធានានូវភាព​គ្រប់ជ្រុងជ្រោយនៃគម្រោង។ ជាការឆ្លើយតប EDCF នឹងទទួលយកសំណើនេះទៅពិចារណា ហើយស្នើសុំឱ្យក្រុមការងារផ្តល់នូវសេចក្តីលម្អិតទៅលើផ្នែកដែលត្រូវបន្ថែមទៅក្នុងគម្រោង។ ជាទីបញ្ចប់ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៏សេដ្ឋកិច្ចនៅកម្ពុជា ដែលជាដៃគូសហការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធចម្រោះទឹកកខ្វក់។

By: Bonny From:

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online