១១ខែឆ្នាំនេះ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ ខណៈតាមការប៉ាន់ស្មាន អាចកើនដល់ ១១លាននាក់

(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ ដែលបានដើរកម្សាន្តក្នុងទូទាំងប្រទេស។ តាមការប៉ាន់ស្មាន អាចមានទេសចរផ្ទៃក្នុងជិត១១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលអង្គភាព SBM News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះ…។

ដោយឡែកចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ៥៥៤,០៦២នាក់ ក្នុងនោះភ្ញៀវជាតិ ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៨,៦៥៣នាក់។ តួលេខនេះមានកំណើន ៤៩.៩៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះខេត្តកំពង់ឆ្នាំង ភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពង់ឆ្នាំង ២០៩,៦៨០នាក់, ខេត្តព្រះសីហនុ ១៤៦,៤៣៩នាក់, ខេត្តសៀមរាប ៤៥,៥៥៦នាក់, រាជធានីភ្នំពេញ ២៩,០៨៧នាក់, ខេត្តកំពត ២២,២៤២នាក់, ខេត្តបាត់ដំបង ១៥,៣១៥នាក់, ខេត្តកែប ១៥,១៨៣នាក់, ខេត្តកំពង់ចាម ១១,៥១៣នាក់។

ចំពោះមូលហេតុដែលខេត្តកំពង់ឆ្នាំងមាន ភ្ញៀវច្រើនជាងគេនាសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិពណ៌និងបាញ់កាំជ្រួច កាលពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ ដោយបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់ឱ្យមកកម្សាន្តផងដែរ ខណៈដែលខេត្តព្រះសីហនុនៅតែបន្តទទួលបានភ្ញៀវទេសចរច្រើនជាង១៤ម៉ឺននាក់ នាសប្តាហ៍កន្លងមក។

ដោយឡែក ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ (Angkor International Half Marathon) លើកទី២៧ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២២ ដោយមានអ្នកចូលរួមជិត៨ពាន់នាក់ ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត២០០០នាក់ មកពី៦៩ប្រទេស។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធបានកំពុងត្រៀមរៀបចំពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី៩-១១ ខែធ្នូ អមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះផងដែរ៕