១៧មករា! មនុស្សស្លាប់១២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន៦៧៨គ្រឿង ក្នុងនោះមានម៉ូតូ៥៥៥គ្រឿង ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ជិះបញ្ច្រាស់ មិនគោរពសិទ្ធិ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន អត់បណ្ណបើកបរ អត់ពាក់ខ្សែក្រវាត់ ល្មើសសញ្ញា ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ ជាដើម។
ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវភាគច្រើន ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន១១លើក បានបណ្តាលឱ្យមនុស្សស្លាប់១២ន និងរបួសសរុប១៨ន (របួសធ្ងន់១០ន) មូលហេតុប្រមូលផ្តុំរួមមាន បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រើប្រាស់ទូរស័ព្ទពេលបើកបរ ស្រវឹង បត់គ្រោះថ្នាក់ ងងុយ ប្រជែងគ្រោះថ្នាក់ កត្តាយាន ។ល៕