៤ខែដើមឆ្នាំ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បង្ក្រាបបទល្មើសជលផលក្នុងដែនបឹងទន្លេសាបបានជាង៥០ករណី

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប និងគាំទ្រដោយថ្នាក់ជាតិ បានចុះបង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាប នៃភូមិសាស្ត្រខេត្តសៀមរាប បានចំនួន៥៣ករណី ព្រមទាំងបានបញ្ជូនជនល្មើសចំនួន ៤នាក់ទៅពន្ធនាគារ ខណៈ១១នាក់ផ្សេងទៀត ត្រូវបានតុលាការចេញដីកាកោះហៅ។

នេះបើរបាយការណ៍របស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោក ទា គឹមសុទ្ធ លើកឡើងថា ប្រភេទបទល្មើសដែលបង្ក្រាបបានរួមមាន បទល្មើសនេសាទ និងរក្សាទុកឧបករណ៍អួនអូសទឹកសាប ២០ករណី អាំងវ៉ិចទ័រឆក់ត្រី ៧ករណី ឧបករណ៍បង្កើតថ្មី”ប” ៤ករណី ដាក់សម្រាស់ធ្វើឲ្យត្រីកុំ ១ករណី ឧបករណ៍នេសាទស្បៃមុង០២ករណី និងបទល្មើសទន្ទ្រានដីព្រៃលិចទឹក១៩ករណី។ ក្នុងនោះ សមត្ថកិច្ច បានប្រលែងកូនត្រីចម្រុះប្រមាណជាង ៧០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនមករក្សាទុក និងមួយចំនួនទៀត ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងផងដែរ។

តាមការលើកឡើងរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបទល្មើសជលផលនេះ អាជ្ញាធរខេត្តបានបង្កើតក្រុមការងារចំនួន៦ ដែលក្រុមនីមួយៗ ដឹកនាំដោយអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យ និងតាមដានបទល្មើសព្រៃលិចទឹកនៅតាមបណ្តាក្រុងស្រុកទាំង៦ ជាប់ដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ឯកឧត្តមបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប បឹងទន្លេសាប គឺជាតំបន់ដែលយើងត្រូវរួមគ្នាអភិរក្សការពារឲ្យបានល្អប្រសើរ ឱ្យដូចទៅនឹង តំបន់ប្រាសាទ និងតំបន់ព្រៃឈើការពារផងដែរ។

ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារតាមដានបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប លើកឡើងថា តាម រយៈបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល សកម្មភាពបទល្មើសជលផលបានថយចុះ តាមរយៈការចាត់វិធានការក្ដៅ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចអនុវត្តន៍ច្បាប់មិនត្រូវធ្វេសប្រហែលឡើយ ជាពិសេសនៅរដូវបិទនេសាទដែលនឹងចូលមកដល់នៅខែកក្កដាខាងមុខនេះ៕

សូមជម្រាបថា កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ណៅ ធួក បានចុះសួរសុខទុក្ខ និងកោតសរសើរដល់កងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទ ក្នុងតំបន់បឹងទន្លេ សាបខេត្តសៀមរាប ដែលបានខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយឯកឧត្តមមានប្រសាសន៍ថា ទោះបីជាផលត្រីក្នុងបឹងទន្លេសាប មិនអាចវិលទៅរកភាពដើមវិញនៅឆ្នាំខាងមុខក្ដី តែទិន្នផលក្នុងបឹងជង្រុកត្រីមួយនេះ នឹងមានការកើនឡើង៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online