ខ្លាំងបាត់! ខឹងគេមិនរាប់រក បំផ្លាញខ្ទេចខ្ទី
ខេត្តកណ្ដាល ៖ បុរសម្នាក់បានប្រើប្រាស់គ្រឿងញៀន ព្រមទាំងផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ មិនគិតធ្វើការរកសុីនោះទេ រហូតមិនសូវមានអ្នករាប់រកឡើយ រួមទាំងសាច់ញាតិរបស់គាត់ផង ព្រោះមិនចូលចិត្តនូវទង្វើរបស់គាត់ផង ព្រមទាំងខឹងរឿងណែនាំមិនស្ដាប់ផង។

បន្ទាប់មកខណៈដែលបុរសម្នាក់ខាងលើផឹកស្រាស្រវឹង ស្រាប់តែនឹកតូចចិត្ត និងមួរម៉ៅក្ដៅក្រហាយក្នុងចិត្តក៏បានរើសយកដុំថ្មគប់ទៅលើផ្ទះអ្នកជិតខាងបណ្ដាលឲ្យធ្លុះជញ្ជាំងស័ង្កសី ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យត្រូវស្ត្រីជាម្ចាស់ផ្ទះឡើយ ។ ប៉ុណ្ណឹងហើយនៅមិនទាន់អស់ចិត្តទៀត ជននេះបានយកដំបងឈើ២កំណាត់ទៅវាយបំផ្លាញកញ្ចក់ទ្វារនិងបង្អួចផ្ទះបងប្រុសបង្កើតរបស់ខ្លួន បណ្ដាលឲ្យបែកខ្ទេចខ្ទីរថែមទៀតផង។ទើបត្រូវបាននគរបាលប៉ុស្តិ៍សំរោងលើចុះទៅអន្តរាគមន៍ធ្វើការឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់តែម្ដង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យខាងលើឈ្មោះឈឿន ជីវ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។ ក្រោយឃាត់ខ្លួន នគរបាលដកហូតដំបងឈើចំនួន២កំណាត់ និងដុំថ្មចំនួន២ដុំផងដែរ ។ ចំណែកម្ចាស់ផ្ទះទី១ ជាអ្នកជិតខាងដែលត្រូវជននេះគប់ទម្លុះជញ្ជាំងផ្ទះនោះឈ្មោះប៉ុន សំអាត ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រីឯម្ចាស់ផ្ទះទី២ ត្រូវជាបងប្រុសបង្កើតរបស់ជនបង្កហើយត្រូវជននេះវាយបំបែកកញ្ចក់ទ្វារនិងបង្អួចនោះឈ្មោះឈឿន វុធ ភេទប្រុស អាយុ៣០ឆ្នាំ ហើយពីមុនគាត់បានរស់នៅក្នុងផ្ទះខាងលើ ប៉ុន្តែបច្ចុប្បន្នបានបិទទ្វារផ្ទះនោះទុកចោល និងបានទៅស្នាក់នៅឯជិតផ្សារព្រៃផ្ដៅ ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺវិញ។

តាមប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះប្រើប្រាស់គ្រឿងញៀននិងផឹកស្រាមគិតពីការងាររកសុីអ្វីនោះទេ ហើយមានចរិកកោងកាចទៀតផង ដោយសារតែបែបនេះទើបពុំសូវមាននរណាហ៊ាននិយាយរក រួមទាំងសាច់ញាតិផងក៏មិនសូវរវល់ដែរ ព្រោះតែខឹងស្ដីប្រដៅមិនស្តាប់តាម ។

តាមប្រភពដដែលបានបន្តថា ដោយឡែកនៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងជោក ហើយដោយតូចចិត្តគ្មានអ្នករាប់រកបែបនេះ ទើបយកដុំថ្មគុបជញ្ជាំងផ្ទះស្ត្រីអ្នកជិតខាងបណ្ដាលឲ្យធ្លុះ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យត្រូវស្ត្រីជាម្ចាស់ផ្ទះឡើយ ។ បន្ទាប់ពីបញ្ចេញកំហឹងជាមួយអ្នកជិតខាងរួចហើយមិនអស់ចិត្តទេ ក៏បានយកដំបងទៅវាយកញ្ចក់ទ្វារនិងកញ្ចក់បង្អួចផ្ទះបងប្រុសបង្កើតរបស់ខ្លួន បណ្ដាលឲ្យបែកខ្ទេចខ្ទី និងបង្កការភ្ញាក់ផ្អើលពេញភូមិ ខណៈនោះនគរបាលប៉ុស្តិ៍សំរោងលើបានចុះអន្តរាគមន៍ចាប់ខ្លួននាំទៅសាកសួរភ្លាមៗដែរ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានផឹកស្រាថ្នាំស្រវឹងហើយដោយសារតែពិបាកចិត្តគ្មាននរណារាប់រក ទើបខ្លួនយកដុំថ្មគប់ទៅលើជញ្ជាំងផ្ទះអ្នកជិតខាង និងយកដំបងវាយកញ្ចក់ទ្វារផ្ទះបងបង្កើតបណ្តាលឲ្យបែកបែបនេះតែម្ដង៕ (កែសម្រួលដោយ ៖ ធីតា)



អត្ថបទ៖ https://kohsantepheapdaily.com.kh/