គិតត្រឹមថ្ងៃនេះ អ្នកបាត់បង់ជីវិតឡើង១៧៧០នាក់ អ្នកជាជាង១មឺុននាក់
ប្រទេសចិន ៖ តុល្យការនៃការឆ្លងរាលដាលវីរុសCOVID-19នៅចិនដីគោក បើតាមតួលេខផ្លូវការចេញផ្សាយនាថ្ងៃទី១៧កុម្ភៈថា ចំនួនអ្នកបាត់បង់ជីវិតឡើងដល់១.៧៧០នាក់ ដែលបែបនេះបង្ហាញពីការចុះថយ ក៏ទោះបីអង្គការសុខភាពពិភពលោកWHOព្រមានថា ការឆ្លងរាលដាលនៃវីរុសនោះ នៅតែមិនទាន់អាចធ្វើការព្យាករណ៍បានក៏ដោយ។
បណ្ដាអ្នកជំនាញការអន្តរជាតិត្រូវបានបញ្ជូនដោយអង្គការWHOមកកាន់ក្រុងប៉េកាំង ហើយចាប់ផ្ដើមពិភាក្សាជាមួយបណ្ដាសមភាគីចិន។ ប្រមុខWHOលោកTEDROS ADHANOM GHEBREYSUS កាលពីយប់ថ្ងៃទី១៦ កុម្ភៈ អះអាងតាមTWITTERថា យើងយល់ថាកិច្ចសហប្រតិបត្តិការសំខាន់នេះ រួមចំណែកផ្ដល់ចំណេះដឹងដល់ពិភពលោក អំពីការឆ្លងនៃវីរុសCOVID-19។
ការជួបគ្នានោះកើតមានខណៈតុល្យការនៃការឆ្លងវីរុសនោះនៅធ្ងន់ធ្ងរនៅឡើយ ក្នុងប្រទេសចិនដែលពេលនេះ អ្នកបាត់បង់ជីវិតឡើងដល់១.៧៧០នាក់ ភាគច្រើននៅខេត្តហ៊ូប៉ី។ តួលេខនេះបង្ហាញពីការធ្លាក់ចុះនៃចំនួនអ្នកបាត់បង់ជីវិតថ្មីប្រចាំថ្ងៃដែលថ្ងៃទី១៧កុម្ភៈមានត្រឹម១០៥នាក់ ទល់១៤២នាក់ ថ្ងៃទី១៦កុម្ភៈ និង១៤៣នាក់ថ្ងៃទី១៥កុម្ភៈ។ លើសពីនេះទៀតចំនួនអ្នកឆ្លងថ្មីនៅក្រៅខេត្តហ៊ូប៉ីមានតែ១១៥នាក់ ទល់នឹងជិត៤៥០នាក់កាលពី១សប្ដាហ៍មុននេះ។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលចិនលោកមីហ្វេងវាយតមៃ្លថា ប្រទេសរបស់លោកកំពុងតែឈានទៅយកឈ្នះការឆ្លង។ គេអាចកត់សម្គាល់ឃើញរួចហើយ លទ្ធផលនៃបណ្ដាវិធានការត្រួតពិនិត្យនិងបង្ការការឆ្លង ក្នុងផ្នែកនានារបស់ប្រទេស។
ក្រៅពីចិនដីគោកដែលអ្នកឆ្លងវីរុស មានដល់យ៉ាងតិច៧០.៥៤៨នាក់ អ្នកឆ្លងជិត៦០០នាក់ត្រូវបានអះអាង ក្នុងប្រទេសប្រមាណជា៣០លើពិភពលោក។ ចំនួនអ្នកបាត់បង់ជីវិត នៅក្រៅចិនដីគោកមាន៥នាក់គឺ ហ្វ៊ីលីពីនម្នាក់ ហុងកុងម្នាក់ ជប៉ុនម្នាក់ បារាំងម្នាក់ រួចនៅតៃវ៉ាន់ទើបមានអ្នកបាត់បង់ជីវិតម្នាក់ដែលជាអ្នករត់តាក់ស៊ីអាយុ៦១ឆ្នាំ។
អ្នកជំងឺ១០.៨៤៤នាក់ជាសះស្បើយចេញពីមន្ទីរពេទ្យ
អាជ្ញាធរសុខាភិបាលចិនរាយការណ៍នាថ្ងៃទី១៧កុម្ភៈថា សរុបអ្នកជំងឺ១០.៨៤៤នាក់ដែលឆ្លងវីរុស បានចាកចេញពីមន្ទីរពេទ្យក្រោយពីទទួលការព្យាបាលជាសះស្បើយ។
គណៈកម្មាធិការសុខាភិបាលជាតិចិន ក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថ្លែងថា ថ្ងៃទី១៦កុម្ភៈមនុស្ស១៤២៥នាក់បានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ៕
ប្រែសម្រួល៖ https://kohsantepheapdaily.com.kh/