ចំនួនអ្នកស្លាប់ និងរបួសដោយសារបាក់អគារនៅខេត្តកែប គិតត្រឹមម៉ោង ៩កន្លះយប់នេះ
ព័ត៌មានបឋម គិតត្រឹមម៉ោង ៩:២៣នាទីយប់នេះ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់រលំអគារ កម្ពស់ ៦ជាន់នៅខេត្តកែប បានកើនដល់ចំនួន ៤នាក់ ខណៈអ្នករបួសដែលត្រូវបានក្រុមសង្រ្គោះជួយបាន គឺមានចំនួន ២០នាក់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប។
សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា មកទល់ពេលនេះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងសហការគ្នាយ៉ាងមមាញឹក ដើម្បីជួយសង្រ្គោះជនរងគ្រោះដែលកំពុងជាប់នៅក្នុងគំនរបាក់បែកនៃការដ្ឋានសំណង់នោះ។
គួរបញ្ជាក់ថា សំណង់អគារកម្ពស់ ៦ជាន់ បានបាក់រលំ កាលពីវេលាម៉ោង ៤:១៥នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះ នៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
ព័ត៌មានលម្អិតបន្ថែម នឹងផ្សាយជូននាពេលបន្តបន្ទាប់ទៀត៕


ប្រភព៖ http://news.sabay.com.kh/