បុរស៣នាក់ឌឺដងដាក់គ្នាចុះឡើងៗ ម្នាក់ដេកពេទ្យ ២នាក់ទៀតជាប់ខ្នោះ
ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសបែកក្បាល និងបែកមុខ ត្រូវក្រុមគ្រួសារបញ្ជូនទៅដេររបួសនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកបុរស២នាក់ផ្សេងទៀតត្រូវនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីអ្នកទាំង៣ជួបជុំគ្នាផឹកស៊ីតាំងពីថ្ងៃរហូតដល់យប់ លុះស្រវឹងរៀងៗខ្លួន ក៏និយាយឌឺដងដាក់គ្នា និងឈ្លោះប្រកែកគ្នា រហូតឈានដល់ការវាយតប់គ្នាតែម្តង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិអូរចិតប្រាំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន ម្នាក់ឈ្មោះ ឈៀត សីុនិល ភេទប្រុស អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈៀត នឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ។ ជនសង្ស័យទាំង២នាក់រស់នៅកន្លែងកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ស៊ូ ចិន្ដា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/